ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ភិរម្យ នាយរងការិយាល័យ បានសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងបកយកអាចម៍ដី ០១ ទីតាំង(មានអាជ្ញាប័ណ្ណចល័ត) ប៉ុន្តែពុំទាន់មានច្បាប់ស្តីពីកិច្ចសន្យាការពារបរិស្ថានរបស់មន្ទីរបរិស្ថានខេត្តនៅឡើយ។
ការចុះត្រួតពិនិត្យសកម្មភាពកាយអាចម៍ដីយកទៅលក់ដោយមិនទាន់មានច្បាប់ត្រឹមត្រូវនេះប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែមីនាឆ្នាំ២០២២ នៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលម្ចាស់អាជីវកម្មឈ្មោះ ស៊ាន សុម៉ៃ ភេទប្រុស អាយុ ២៣ឆ្នាំ។
ក្នុងនោះដែរសមត្ថកិច្ចចម្រុះបានដកហូតគ្រឿងចក្រមួយចំនួនមានដូចជា អេស្កាវ៉ាទ័រ១គ្រឿង និងរថយន្តដឹកដីចំនួន ៤ គ្រឿង។
ក្រោយធ្វើការត្រួតពិនិត្យដឹងថាការធ្វើអាជីវកម្មនេះមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវសមត្ថកិច្ចបានធ្វើកិច្ចសន្យាឱ្យម្ចាស់អាជីវកម្មទៅដាក់ពាក្យស្នើសុំច្បាប់ស្តីពីកិច្ចសន្យាការពារបរិស្ថានពីមន្ទីរបរិស្ថានខេត្តសិន ទើបអាចធ្វើអាជីវកម្មឡើងវិញបាន ។
ទទួលបានការណែនាំពីសមត្ថកិច្ចជំនាញបែបនេះម្ចាស់អាជីវកម្មបកអាចម៍ដី ស៊ាន សុម៉ៃបានយល់ព្រមនិងសន្យាថា នឹងត្រូវទៅបំពេញបែបបទតាមមន្ទីរពាក់ព័ន្ធឲ្យបានត្រឹមត្រូវតាមច្បាប់ដើម្បីបន្តធ្វើអាជីវកម្មឲ្យបានសមស្រប៕
ដោយ ៖ ប្រាថ្នា