ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ អាទិភាពកំពូលរបស់កម្ពុជា គឺសន្តិភាព និងរក្សាសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជាជាង ៤០ឆ្នាំមកហើយ !

ចែករំលែក៖

ភ្នំពេញ ៖ បើតាមសម្តេចតេជោ ហ៊ុន សែន សម្រាប់កម្ពុជាសម្តេចបានប្រឹងប្រែងរកសន្តិភាព និងរក្សាសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជាជាង ៤០ឆ្នាំមកហើយ។ ដូច្នេះទោះក្នុងតម្លៃណាក៏ដោយ សម្តេចមិនអនុញ្ញាតឲ្យមនុស្សមួយក្រុមមកបំផ្លាញសន្តិភាពដែលរកបានដោយលំបាកបំផុតនេះជាដាច់ខាត។ សម្តេចព្រមានថា បើកម្ពុជាផ្ទុះសង្គ្រាមហើយ ក៏ប្រហែលគ្មានសម្តេចធ្វើនយោបាយឈ្នះឈ្នះ ជាលើកទីពីរដែរ។ 

ការថ្លែងដូច្នេះរបស់សម្តេចក្រោយបានកត់សម្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះ អ្នកវិភាគបានលើកឡើងពីការចង់បានសន្តិភាព របស់ប្រធានាធិបតីអ៊ុយក្រែន លោក ឡូវ៉ូឌីមៀរ សេលេនស្គី ពោលគឺបន្ទាប់ពីប្រទេសអ៊ុយក្រែនកើតសង្គ្រាមហើយបានសម្លាប់ទាំងជីវិតមនុស្ស និងរងការខូចខាតធ្ងន់ធ្ងរទាំងហេដ្ឋារចនាសម្ព័ន្ធ។

ទោះយ៉ាងណាសម្តេចតេជោបញ្ជាក់ថា តម្រូវការនៅក្នុងសង្គមតែងមានបញ្ហាកើតឡើង ដែលទាមទារឲ្យយើងត្រូវមានអត់ធ្មត់សម្របសម្រួលដោះស្រាយតាមផ្លូវសិលធម៌ក្តី និងផ្លូវច្បាប់ក្តី កុំអាងឡើងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ដែលទីបំផុតទៅបានត្រឹមប្រឈមមុខផ្លូវច្បាប់ប៉ុណ្ណោះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា កម្ពុជាបានយកចិត្តទុកដាក់ជាអាទិភាពកំពូល គឺសន្តិភាព។ បើគ្មានសន្តិភាពក៏ប្រហែលជាគ្មានជីវិត ហើយក៏គ្មានលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែរ។

សូមបញ្ជាក់ថា, ថ្លែងចេញពីទឹកដីខេត្តត្បូងឃ្មុំ នាថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកជាថ្មីទៀតថា កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ជាងគេ គឺសន្តិភាព ដើម្បីធានាសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្ស។ បើមានសិទ្ធិរស់រានមានជីវិតហើយ សិទ្ធិបញ្ចេញមតិ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវបានធានា។

សម្តេចតេជោបញ្ជាកជាថ្មីថា គ្រប់វេទិកាទាំងអស់តែងបានអំពាវនាវឲ្យយកចិត្តទុករក្សាសន្តិភាព ស្ថិរភាពនយោបាយ ជាមួយនឹងការយកចិត្តទុកដាក់ទៅលើបញ្ហាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ សម្តេចថា សន្តិភាព និងម៉ាក្រូសេដ្ឋកិច្ចត្រូវក្តាប់ឲ្យមាំ ដើម្បីឲ្យកម្ពុជាបន្តដំណើរទៅមុខ។

សូមជម្រាបជូនថា, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីនៅខេត្តត្បូងឃ្មុំដែលជាខេត្តដែលទើបបង្កើតចុងក្រោយគេ។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះ បានចំណាយទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។ មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យចំនួន ៥ជាន់, អគារសម្ភព រោគស្រី និងកុមារចំនួន ៥ជាន់, អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត។ មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយចំពោះសមិទ្ធផលនៃវិស័យសុខាភិបាលនៅក្នុងទឹកដីនៃខេត្តត្បូងឃ្មុំនាថ្ងៃនេះ ដែលជាមន្ទីរពេទ្យដ៏ធំ និងទំនើបលើកដំបូងលើដីជនបទបែបនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ក្រោមចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងចិន។ សម្តេចសង្ឃឹមថា អគារដ៏ស្កឹមស្កៃនៃមន្ទីរពេទ្យនេះ នឹងឆ្លើយតបកាន់តែប្រសើរឡើងសម្រាប់ការគាំពារសុខុមាលភាពប្រជាពលរដ្ឋ មិនថាតែនៅក្នុងខេត្តត្បូងឃ្មុំខ្លួនឯងប៉ុណ្ណោះនោះទេ តែវាអាចបម្រើដល់ខេត្តផ្សេងៗទៀត ដែលនៅភូមិភាគនេះ ដូចជាខេត្តព្រៃវែង  ក្រចេះ  ស្ទឹងត្រែង  មណ្ឌលគីរី និងរតនគិរីជាដើម ក៏អាចមកទទួលសេវាព្យាបាលជំងឺផ្សេងៗនៅមន្ទីរពេទ្យនេះផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖