ព័ត៌មានទាន់ហេតុការណ៍៖

ទូលព្រះបង្គំជាខ្ញុំ វង្ស ពិសេន សូមក្រាបបង្គំទូលថ្វាយព្រះពរជូន សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ និងអំណរសាទរយ៉ាងកក់ក្តៅជាទីបំផុត នៃខួបអនុស្សាវរីយ៍លើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២នេះ ទូលព្រះបង្គំជាខ្ញុំ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមសម្តែងនូវកតញ្ញូកតវេទីតាធម៌ ដ៏ជ្រាលជ្រៅ និងគារវភក្តី ដ៏ខ្ពង់ខ្ពស់ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងលះបង់ នូវព្រះកាយពល ព្រះបញ្ញាញាណ និងព្រះរាជទ្រព្យផ្ទាល់ ជួយដល់វិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ចសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងឋានៈជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងជាព្រះប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិដើម្បីស្ត្រី សម្តេចព្រះមហាក្សត្រីបានជួយ លើកកម្ពស់តម្លៃ និងតួនាទីស្ត្រីកម្ពុជាឱ្យមានការយល់ដឹងនិងទទួល ស្គាល់កាន់តែខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសទិវាដ៏បវរថ្លៃថ្លានេះទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមី នៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» សូមព្រះមេត្តាប្រោះព្រំ ប្រោសប្រទានព្រះរាជសព្ទសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖