ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូឡូញស្នើអាមេរិកបញ្ជូនយន្តហោះចម្បាំង MiG-29ទៅកាន់អ៊ុយក្រែន តែអាមេរិកបដិសេធ

ចែករំលែក៖

មន្ទីរបញ្ចកោណអាមេរិកបានបដិសេធសំណើរបស់ប្រទេសប៉ូឡូញ ស្តីពីការផ្តល់យន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន។
មន្ទីរបញ្ចកោណអាមេរិក កាលពីថ្ងៃទី៨ខែមីនា(ពេលវេលានៅអាមេរិក) បានបដិសេធសំណើផ្តល់ជំនួយយន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា បណ្តាប្រទេសជាសមាជិកណាតូ កំពុងតែមានវិវាទនៅក្នុងការជួយដល់ប្រទេសអ៊ុយក្រែនដែលកំពុងផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។
ក្នុងពេលនេះដែរក៏មានយន្តហោះចម្បាំងមួយគ្រឿងបានហោះហើរចេញពីទីតាំងមួយរបស់អាមេរិកឬណាតូ ហោះហើរឆ្លងកាត់ដែនអាកាសប្រទេសអ៊ុយក្រែនបង្កក្តីបារម្ភយ៉ាងខ្លាំងពីការវាយប្រហារទៅលើទីតាំងឈរជើងរបស់រុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែន។
ភាគីអាមេរិកបានបញ្ជាក់ថា រាល់ការផ្តល់ជំនួយយន្តហោះចម្បាំងឱ្យទៅប្រទេសអ៊ុយក្រែនគឺជាជំនួយស្មារតីដល់ប្រទេសអ៊ុយក្រែនក្នុងពេលរុស្ស៊ីវាយប្រហារចូលទីក្រុងជាច្រើនក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែសកម្មភាពនោះអាចបង្កឱ្យមានបញ្ហាស្មុគស្មាញកាន់តែច្រើន ហើយអាមេរិកមិនមានគម្រោងបញ្ជូនយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែនដោយផ្ទាល់នោះឡើយ៕

ដោយ៖ ធីរីណា(រូបថត៖Reuters )


ចែករំលែក៖