ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ចុះពិនិត្យ ពិគ្រោះជំងឺទូទៅ និងផ្តល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកុក

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ដោយការយកចិត្តអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្តខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្នុងកម្មវិធីពិនិត្យ ពិគ្រោះជំងឺទូទៅ និងផ្តល់ថ្នាំងពេទ្យជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប្រមាណជាង ៣០០នាក់។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ តំណាងរាស្ត្រមណ្ឌលកំពង់ចាម, អភិបាល រងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត, អាជ្ញាធរក្រុងកំពង់ចាម, គណៈក្រុមគ្រូពេទ្យ និងក្រុមការងារសាខាសមាគម ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

តាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត សៅ សំបូរ ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានឲ្យដឹងថា សាខា សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ដែលបានការជួយឧបត្ថម្ភគាំទ្រដោយលោកហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងជាប្រធាន កិត្តិយសសាខា។ ដោយមានក្រុមគ្រូពេទ្យចំនួន៣៧ នាក់ ចុះបំពេញបេសកកម្មខាងលើនឹងដោយបានការសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងគណៈក្រុមគ្រូពេទ្យខេត្តកំពង់ចាមផងដែរ។

 ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យ ពិគ្រោះជំងឺទូទៅ និងផ្តល់ថ្នាំ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលនេះលោក អ៊ុន ចាន់ដា បានលើកឡើងថា សកម្ម ភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម នាពេលនេះ គឺជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ភ្លឺស្វាងប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរអំពីបញ្ហាសុខមាលភាពរបស់បង ប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។ ហើយបើបងប្អូនប្រជាពលរដ្ឋយើងមានសុខភាពល្អ ការអភិវឌ្ឍ និងមានការរីកចម្រើនជាលំដាប់។

 លោកអភិបាលខេត្តក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពសូមប្រញាប់ប្រញ៉ាលទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ហើយថ្ងៃនេះទៀតដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ដែលបានចុះមកពិនិត្យ និងពិគ្រោះជំងឺជូនបងប្អូនដោយគិតថ្លៃដោយមិនប្រកាន់និន្នាការនយោនយោបាយ សាសនា ពណ៌សម្បុរអ្វីឡើយ។ 

លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ដែលដឹកនាំដោយឯកឧត្តម ជា ក្រូច ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានប្រចាំការ និងអាជ្ញាធរក្រុងកំពង់ចាម រួមនិងមន្ត្រីពាក់ព័ន្ធដែលបានជួយសម្របសម្រួលក្នុងបេសកកម្មដ៏ ឧត្តុង្គឧត្តមខាងលើ។ លោកអភិបាលខេត្តក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធាន ការរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ១៩ ជាពិសេសពីវីរុសបម្លែងថ្មីប្រភេទអូរមីក្រុង។ 

ក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បាន ឧបត្ថម្ភថវិកាចំនួនជាង ៧លានរៀ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ដើម្បីទិញឱសថ និងបរិក្ខារវេជ្ជសាស្ត្រសម្រាប់បន្តបេសកកម្មដើម្បីសុខភាពប្រជាជន។

សូមបញ្ជាក់ថា ក្នុងកម្មវិធីខាងលើក៏មានការផ្ដល់ជូននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖