អតីតម្ចាស់មេដាយអូឡាំពិកលោក Paul Schockemoehle បាននាំជនភៀសខ្លួនអ៊ុយក្រែនចំនួន៨០នាក់ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីជួយពួកគេឱ្យរួចផុតពីការឈ្លានពានរបស់រុស្ស៊ីដែលកំពុងមានសង្គ្រាមលើទឹកដីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP ដែល Channel News Asia ដកស្រង់យកចេញផ្សាយនៅដើមសប្តាហ៍នេះ។
បុរសវ័យ៧៦ឆ្នាំរូបនេះបានឈ្នះក្នុងកីឡាជិះសេះលោតផ្លោះ នៅឯការប្រកួតកីឡាអូឡាំពិកទីក្រុង Montreal ឆ្នាំ១៩៧៦ និងធ្លាប់ឈ្នះមេដាយសំរឹទ្ធនៅឯព្រឹត្តិការណ៍កីឡាឆ្នាំ១៩៨៤នៅទីក្រុង Los Angeles ដែលបច្ចុប្បន្ននេះគាត់បានចូលនិវត្តន៍និងបង្កើតកន្លែងបង្កាត់ពូជសេះមួយ។
គាត់កំពុងចំណាយសម្រាប់ក្រុមស្នាក់នៅសណ្ឋាគារមួយនៅជិតកសិដ្ឋាន stud របស់គាត់នៅភាគខាងជើងប្រទេសអាល្លឺម៉ង់។ បុរសអាយុ៧៦ឆ្នាំរូបនេះបានប្រាប់កាសែត FAZ ដែលមានមូលដ្ឋាននៅទីក្រុង Frankfurt កាលពីថ្ងៃអាទិត្យថា “យើងបានរើសមនុស្ស៨០នាក់ពីព្រំដែនអ៊ុយក្រែន-ប៉ូឡូញ ពួកគេទាំងអស់សុទ្ធតែជាស្ត្រីដែលមានកូនតូចៗ”។
លោកបានបន្តថា “សណ្ឋាគារផ្តល់ជូនយើងនូវអត្រាពិសេស ប៉ុន្តែនៅពេលនេះខ្ញុំកំពុងចំណាយលើតម្លៃនោះ។ ខ្ញុំនឹងជំរុញទឹកចិត្តអ្នកដទៃឱ្យជួយជនភៀសខ្លួនអ៊ុយក្រែន ហើយជាធម្មតាខ្ញុំមិនមានការរអ៊ូរទាំច្រើនអំពីវាទេ ប៉ុន្តែខ្ញុំសង្ឃឹមថា អ្នកផ្សេងទៀតនឹងធ្វើដូចគ្នា”។
ជនភាគខ្លួនទាំងនោះត្រូវបានគេដាក់នៅក្នុងសណ្ឋាគារមួយនៅតំបន់Neustadt-Glewe ក្បែរកសិដ្ឋាន stud របស់លោក Paul Schockemoehle ប្រហែល១២០គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Hamburg ។
គួររំលឹកថា កាលពីថ្ងៃសុក្រកន្លងទៅ អង្គការសហប្រជាជាតិបានប្រកាសថា មនុស្ស២លានកន្លះបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពាននៅថ្ងៃទី២៤ ខែកុម្ភៈមក ហើយមនុស្ស២លាននាក់ផ្សេងទៀតត្រូវបានផ្លាស់ទីលំនៅខាងក្នុងប្រទេស ៕
ដោយ៖ ភារៈ(រូបភាព ៖ AFP/CNA)