ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ ៖ «ចរិតសង្គ្រាម» គេបានឱ្យនិយមន័យចរិតលក្ខណៈរបស់សង្គ្រាម យ៉ាងហោច៤យ៉ាង

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហ៊ុយ វណ្ណៈ និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានសំណេរ លើផេកផ្លូវការ របស់លោកថា, «ចរិតសង្គ្រាម» គេបានឱ្យនិយមន័យចរិតលក្ខណៈរបស់សង្គ្រាម យ៉ាងហោច៤យ៉ាង៖១- សង្គ្រាមឈ្លានពាន INVASION
២- សង្គ្រាមសងសឹក AGGRESSION
៣- សង្គ្រាមរំដោះ LIBERATION
៤- សង្គ្រាមការពារ CIVILIZATION
លោកបន្តថា,
• បើទោះបី លទ្ធផលនៃសង្គ្រាម គឺពិតជានាំទៅ ក្តីវិនាស និងភាពខ្ទេចខ្ទាំ ប៉ុន្តែអ្នកចម្បាំងគឺជានរណា? ហើយអ្នកឈ្នះជានរណា? គឺជាអ្នកជ្រើសរើសខ្លឹមសារនៃសង្គ្រាមខាងលើ។
• តើត្រូវធ្វើសង្គ្រាមនៅពេលណា? គឺមានតែអ្នកប្រឈមហានីភ័យជួរមុខ ដែលយល់ច្បាស់ក្នុងការចាប់ផ្តើមសង្គ្រាម ក្នុងទស្សនវិស័យ៖ «ធ្វើសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម, ឬធ្វើសង្គ្រាមដើម្បីបុព្វហេតុអ្វីមួយ រួមទាំងដើម្បីថែរក្សាសន្តិភាព»។
• គេត្រូវបង្ខំចិត្តទទួលស្គាល់ថា នៅក្នុងករណីខ្លះសង្គ្រាម គឺជាជម្រើសដែលមិនអាចជៀសផុត ហើយពេលខ្លះត្រូវតែធ្វើ មុនពេលវារីកធំ? ឬគេត្រូវវៃម្តងមួយ មុនពេលសត្រូវរួមកម្លាំងធំ? គេអាចចោទសួរជាយុទ្ធសាស្ត្រ៖ «តើ រុស្ស៊ី ត្រូវបង្ខំចិត្តផ្ទុះសង្គ្រាមនៅពេលនេះជាមួយ អ៊ុយក្រែន តែម្នាក់ឯង ឬទុករហូតដល់ អ៊ុយក្រែន ចូល NATO ស្របច្បាប់ដែលមានកម្លាំងទ័ពជិត៣០ប្រទេស + USA?»។
• សូមយល់ថា ម៉ោងនេះ ពូទីន គ្មានពេលស្តាប់យោបល់អ្នកវិភាគ ឬមតិអ្នកខឹងសម្បារគាត់នោះទេ។ ពេលវេលាតែមួយគត់ គឺគាត់ធ្វើយ៉ាងឱ្យឈ្នះសង្គ្រាម ហើយសរសេរប្រវត្តិសាស្ត្រពិភពលោក។
• សូមកុំគិតខ្លីថា ភ្លើងសង្គ្រាមដែលកើតឡើងហើយ អាចពន្លត់វិញក្នុងរយៈពេល២៤ម៉ោងនោះឱ្យសោះ។ ក៏កុំគិតខ្លីថា មហាអំណាចមួយ មានគ្រាប់ មានទ័ព មានស្បៀង ប្រយុទ្ធត្រឹមក្នុងរយៈពេលខ្លី ត្រឹម១ខែ ឬ១ឆ្នាំឱ្យសោះ។
• សង្គ្រាម រុស្ស៊ី អ៊ុយក្រែន នឹងធ្វើឱ្យពិភពលោកបន្តប្រែប្រួលធំៗ៖ លើសណ្តាប់ធ្នាប់ពិភលោក, ភូមិសាស្ត្រពិភពលោក, ប៉ូលនយោបាយ, ជញ្ជីងសេដ្ឋកិច្ច, តួនាទីស្ថាប័នអន្តរជាតិ, និងកិច្ចការតំបន់មួយចំនួន។
• គ្មានជម្រើសណាប្រសើរជាង រួមគ្នាថែផ្ទះសន្តិភាពរបស់អ្នក ឱ្យសុវត្ថិភាព ជៀសឆ្ងាយពីភ្លើងសង្គ្រាម ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖