ភ្នំពេញ ៖ ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន០៥គ្រឿងទៀត ដែលបង្កសំឡេងខ្លាំងៗរំខានដល់ដំណេករបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ បន្តចុះបង្រ្កាប ដេីម្បីធ្វើការណែនាំអប់រំ កិច្ចសន្យា និងផាកពិន័យតាមច្បាប់។
តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្រ្កាប និងឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន០៥គ្រឿង (ម៉ូតូធំ ចំនួន០៤គ្រឿង និងម៉ូតូតូច ចំនួន០១គ្រឿង) ដែលធ្វើឲ្យមានសំឡេងខ្លាំង រំខានដល់អ្នកដទៃ នៅចំណុចភូមិទី១ ក្នុងតំបន់បឹងកក់ក្បែរកន្លែងវាយកូនហ្គោល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយឃាត់ម៉ូតូខាងលេីនេះ ត្រូវសមត្ថកិច្ចជំនាញធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ៕
ដោយ៖សហការី