ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ស្តីពីផលប៉ះពាល់សុខភាពក្រោយពីបានជាសះស្បើយជំងឺកូវីដ-១៩

ចែករំលែក៖

 

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ បានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ស្តីពីផលប៉ះពាល់សុខភាពក្រោយពីបានជាសះស្បើយជំងឺកូវីដ-១៩។

ចំពោះចម្លើយទៅនឹងសំណួរអ្នកសារព័ត៌មានស្តីពីផលប៉ះពាល់សុខភាពក្រោយពីបានជាសះស្បើយជំងឺកូវីដ-១៩ ដោយលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងយ៉ាងដូច្នេះថា, ខ្ញុំសូមអរគុណនូវសំណួរសំខាន់មួយនេះរបស់អ្នកសារព័ត៍មាន។ ខ្ញុំសូមបញ្ជាក់ជូនថាតាមការសិក្សា របស់អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្របរទេសមួយចំនួនលើអ្នកជាសះស្បើយពីជំងឺកូវីដ-១៩មួយចំនួន គេសង្កេត ឃើញថា មានប្រហែលជា២៣-២៦% នៃអ្នកជាសះស្បើយ គឺមានបញ្ហាផ្លូវចិត្តដូចជាបញ្ហាឆាប់បាក់ទឹកចិត្ត និងឆាប់ព្រួយជាដើម។ ទន្ទឹមនឹងនោះ ភាពឆាប់នឿយហត់ ឫមានអារម្មណ៍មិនសូវមានកម្លាំងកំហែង ក៏ សង្កេតឃើញមានដែរ និងមួយចំនួនទៀត ក៏មានការឆាប់ទទួលបាននូវការឆ្លងជំងឺកូវីដ-១៩ឡើងវិញផងដែរ។ ករណីនេះ អាស្រ័យលើសរីរាង្គរបស់បុគ្គលម្នាក់ៗដែលមានការឆ្លើយតប និងការវិវត្តន៍កើតមានមិនដូចគ្ន នោះឡើយ ជាពិសេស ស្ថានភាពនៃអង់ទីគ័ររបស់បុគ្គលឆ្លើយតបទប់ទល់ទៅនឹងជំងឺនេះ ហើយក៏ អាស្រ័យលើស្ថានភាពដែលបុគ្គលបានឆ្លងកាត់សភាពជំងឺស្រាល ឬជំងឺធ្ងន់ធ្ងរផងដែរ។ ការសិក្សាក៏បាន បង្ហាញថា អាចមានរោគសញ្ញាដែលនៅសេសសល់បន្តក្នុងរយ:ពេលប្រហែលជាមួយឆ្នាំក្រោយពីបានជា សះស្បើយពីជំងឺកូវីដ-១៩ (បុគ្គលខ្លះក៏មិនមានបញ្ហានេះដែរ ដែលគេសង្កេតឃើញមានដូចជា៖ ឆាប់ នឿយហត់ ឬមានអារម្មណ៍ថាដូចជាខ្សោយជាងមុនពេលឈឺ, ដកដង្ហើមដូចជាមិនបានវែងៗ ឬពិបាក ដកដង្ហើម ឫមានអារម្មណ៍ថា ដូចជារៀងថប់ៗដង្ហើម, បន្តនៅក្អកខ្លះៗ, អាចឈឺសន្លាក់ដៃជើង, អាចមាន ឈឺដើមទ្រូងខ្លះៗ,មានបញ្ហាការចងចាំ និងបញ្ហាសម្រាន្តមិនសូវលក់, ឈឺសាច់ដុំ ឫឈឺក្បាល, បេះដូង ដើរញាប់ជាងមុន, និងបញ្ហាបាក់ទឹកចិត្ត អស់សង្ឃឹម ឬមានអារម្មណ៍ព្រួយច្រើនជាដើម។

រោគសញ្ញាខាងលើនេះ នឹងប្រហែលជាអាចបាត់ទៅវិញ ក្នុងរយ:ពេល៦-១២ខែ ឫអាចខ្លីជាងនេះ ឬ ក៏អាចកាន់តែធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញ អាស្រ័យលើការបន្តថែទាំសុខភាពរបស់បុគ្គលដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ និងការធ្វើលំហាត់ប្រាណ ព្រមទាំងការចេះបន្ធូរអារម្មណ៍ និងបរិយាកាសរស់នៅជាដើម ជាពិសេសចាំបាច់ត្រូវចៀសវាងកុំបណ្ដោយខ្លួនឱ្យមានការឆ្លងកូវីដ-១៩ឡើងវិញ ដែលវាអាចបន្ថែមភាពប៉ះពាល់ មិនល្អដល់សរីរាង្គណាមួយរបស់បុគ្គលដូចជាប្រព័ន្ធសរសៃប្រសាទ បេះដូង ថ្លើម និងតម្រងនោមជាដើម។ អ្នក វិទ្យាសាស្ត្រ ក៏មិនទាន់អាចបញ្ជាក់ឱ្យដឹងបានផងដែរថាតើផលប៉ះពាល់សំខាន់ៗអ្វីខ្លះទៀតលើសរីរាង្គ បុគ្គលដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅក្នុងកម្រិតណានោះ និងក្នុងរយ:ពេលយូរប៉ុណ្ណានោះនៅ ឡើយទេ ដែលតម្រូវឱ្យមានការសិក្សា ច្បាស់លាស់ជាបន្តបន្ទាប់ទៀតផងដែរ។

សម្រាប់ជំងឺកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មីអូមីក្រុងនេះ សូមបងប្អូនប្រជាពលរដ្ឋមានការយល់ ដឹងថា លទ្ធភាពវ៉លុករបស់វាមកលើសរីរាង្គកាយមនុស្ស អាចកើតមានមិនអាចមើលរំលងបានឡើយ ហើយជំងឺកូវីដ-១៩ ក៏មិនមែនជាជំងឺផ្តាសាយក្នុងលក្ខណៈធម្មតា និងរិតតែមិនមែនជាជំងឺដែលសាមញ្ញ ពេកនោះដែរ ថ្វីត្បិតតែ វាមានលក្ខណៈដូចជាស្រាល ដោយមួយចំណែកធំដោយសារឥទ្ធិពលបានមកពីការ ស្រោចស្រពវ៉ាក់សាំងបានច្រើននៅក្នុងសហគមន៍។ សូមកុំភ្លេចថា សរីរាង្គកាយយើង ប្រហែលជានឹងអាច មានការប៉ះពាល់សុខភាពទោះតិចក្តី ឫច្រើនក្តី ក្រោយពីបានឆ្លងជំងឺកូវីដ-១៩ ប្រសិនបើយើងមិនមានកង ការពារក្នុងខ្លួនយើងរឹងមាំទនោះ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឫដូសជំរុញ នាពេលនេះ នឹងជួយ ពង្រឹងកងការពារនេះ ដើម្បីទប់ទល់ពីការវ៉ៃលុកធ្ងន់ធ្ងរលើសរីរាង្គបុគ្គល និងជួយសង្គ្រោះអាយុជីវិតមនុស្ស ផងដែរ។ ដោយសារបញ្ហាសំណល់ផលប៉ះពាល់សុខភាពដែលអាចកើតមានយូរអង្វែងដូចបានជម្រាបជូន ខាងលើនេះ និងដោយសារជំងឺកូវីដ-១៩នេះ ក៏បានធ្វើឱ្យមានការស្លាប់បាត់បង់ជីវិតបានផងដែរនោះ អ្វីដែលសំខាន់បំផុត និងជាការល្អប្រសើរបំផុតសម្រាប់សុខភាពបងប្អូននាពេលនេះ និងតទៅមុខ សូម បងប្អូនប្រជាពលរដ្ឋទាំងអស់ ចាំបាច់ត្រូវតែបន្តរួមគ្នានាំគ្នាការពារកុំឱ្យមានការឆ្លងវីរុសកូវីដ-១៩នេះ មក បុគ្គល ឆ្លងទៅក្រុមគ្រួសារខ្លួន និងឆ្លងចូលរាតត្បាតក្នុងសហគមន៍យើង ដោយចាំបាច់ត្រូវបន្តអនុវត្ត ហ្មត់ចត់នូវវិធានការ “៣ការពារ + ៣កុំ + ចាក់វាក់សាំងកូវីដ-១៩ ដួសជំរុញ ” ឱ្យបានគ្រប់ៗគ្នា។

ដើម្បីបង្កើននូវកងការពារក្នុងសរីរាង្គរបស់បុគ្គល និងចៀសផុតពីផលវិបាកនានាពីជំងឺដ៏កាចសា ហាវនេះ ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់ការយកចិត្តទុកដាក់របស់បងប្អូននាពេលនេះ សូមអញ្ជើញ ទៅចាក់វ៉ាក់សាំងដូសទី៣ ឫដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ហើយអ្នកដែលបានចាក់ចនស៊ុន ចនស៊ិនបាន មួយដូសហើយនោះ ក៏សូមទៅទទួលយកវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗផងដែរ។

ខ្ញុំសូមជូនពរ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖