ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីពីរនាក់បានស្លាប់ភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍កណ្ដាលក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ កុមារីជាសិស្សសាលា ២នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណ:កំពុងជិះម៉ូតូត្រូវបានរថយន្ត១គ្រឿងបុកចំពេញទំហឹង។

ហេតុការណ៍នេះកើតឡើងនៅវេលម៉ោង ៨និង ១០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចស្ពាននាគប្រហែល ១៥០ម៉ែត្រ ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2BD 7208 បានបើកទៅបុកនឹងម៉ូតូមួយគ្រឿងទៀត ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1AK 3416 បើកបរដោយក្មេងស្រីចំនួន ២នាក់ បណ្តាលអោយក្មេងស្រីទាំង ២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ 

មន្ត្រីនគរបាលមិនទាន់ដឹងអត្តសញ្ញាណក្មេងស្រីរងគ្រោះទាំងពីរនាក់នោះនៅឡើយទេ ។ 

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្ក មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនយកទៅស្នងការនគរបាលខេត្ត រង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ សូរិយា


ចែករំលែក៖