ព័ត៌មានទាន់ហេតុការណ៍៖

អ្នកល្មើសច្បាប់ចរាចរណ៍លែងលំបាកហើយដោយអាចបង់ប្រាក់ពិន័យតាមរយៈក្រុមហ៊ុនទ្រូម៉ានីបាន

ចែករំលែក៖

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួង មហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ម.ក ដើម្បីធ្វើកិច្ចសហការក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។ 

ពិធីនេះបានធ្វើឡើង នៅស្នាក់ការការិយាល័យក្រុមហ៊ុន ទ្រូម៉ាននី រាជធានីភ្នំពេញ ក្រោមអធិបតីភាពនាយឧត្តម សេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្រ្ត នៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ម.ក និងអ្នកចូលរួមប្រមាណជាង ៥០នាក់ មានដូចជា៖ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ, នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ តំណាងក្រុមហ៊ុនទ្រូម៉ាន់នី និងអ្នកសារព័ត៌មាន។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ ការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរ បាលជាតិ និងក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីធ្វើកិច្ចសហការក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក គឺជាផ្នែកមួយ នៃការធ្វើកំណែទម្រង់ក្នុងការ គ្រប់គ្រង នៃការជួយសម្រួលដល់ប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាព ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅសម្រេចនូវគោលដៅចុង ក្រោយ គឺការធ្វើចរាចរណ៍ប្រកបដោយការគោរពច្បាប់គ្មានអំពើល្មើស និងមានសុវត្ថិភាព។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនទ្រូម៉ាន់នី ដែលអនុញ្ញាតឱ្យអគ្គស្នង ការ ដ្ឋាននគរបាលជាតិ ប្រមូលប្រាក់ផាកពិន័យតាម រយៈ កម្មវិធី TrueMoney Wallet និងភ្នាក់ងារទ្រូម៉ាន់នី។

នាយឧត្តមសេនីយ៍ មានប្រសាសន៍ទៀតថា តាមរយៈការផ្តល់សេវានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សង្ឃឹមថានឹងបង្កភាពកាន់តែងាយស្រួលដល់ប្រជា ពលរដ្ឋ ក្នុងការបង់ប្រាក់ពិន័យអន្តការណ៍ចំពោះអំពើល្មើសច្បាប់ សី្តពីចរាចរណ៍ផ្លូវគោក។ ក្រុមហ៊ុនទ្រូម៉ាន់នី ដែលធ្វើប្រតិបត្តិការលើសេវាកម្មផ្ទេរប្រាក់ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតជាង ១ម៉ឺនសាខា នៅទូទាំងប្រទេស នឹងចូលរួមបម្រើសេវាកម្មក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះជាជម្រើសថ្មី បន្ថែមលើការបង់ប្រាក់ពិន័យ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន ទ្រូម៉ាន់នី មានប្រសាសន៍ថា៖ ក្រុមហ៊ុនទ្រូម៉ាន់នី រីករាយដែលអាចផ្តល់យន្តការមួយ ដើម្បីធ្វើឱ្យអតិថិជនមានភាពងាយស្រួល ក្នុងការទូទាត់វិក្កយបត្រ ឬ ប្រាក់ពិន័យ អំពើល្មើស និងច្បាប់ សី្តពីចរាចរណ៍ផ្លូវគោក។ តាមរយៈកិច្ចសហការនេះ នឹងធ្វើឱ្យមានភាពកាន់តែងាយស្រួលផងដែរ សម្រាប់អតិថិជនរបស់ទ្រូម៉ានី ក្នុងការទូទាត់ប្រាក់ពិន័យណាមួយ ដែលពួកគាត់អាចនឹងត្រូវទទួលរងអំពីការពិន័យ។ ការបង់ប្រាក់តាមកម្មវិធី True Money Wallet ឬ តាមភ្នាក់ងារទ្រូម៉ាន់នី នឹងកាត់បន្ថយការចំណាយ ពេលវេលាច្រើន ក៏ដូចជា ហានិភ័យ នៃការបង់ប្រាក់ពិន័យយឺតយ៉ាវផងដែរ។ 

លោកស្រីអគ្គនាយិកា មានប្រសាសន៍ទៀតថា ចាប់ តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ មកក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារ បច្ចេកវិទ្យា ហិរញ្ញវត្ថុធំបំផុត ក្នុងប្រទេស ដោយមានបណ្តាញភ្នាក់ងាររបស់ក្រុមហ៊ុន មានចំនួនជាង១ម៉ឺន ភ្នាក់ងារ ដែលរង់ចាំផ្ដល់សេវាទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មានសេវាធនាគារ។

លោកស្រី ឃួន ហ្រ្វង់ដារា បានគូសបញ្ជាក់ថា៖ នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។

 ទ្រូម៉ាន់នីស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា។ ក្នុងពេលឆាប់ៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងអនុញ្ញាតឱ្យអ្នកដែលទទួលរងពិន័យចំពោះអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកអាចបង់ប្រាក់ពិន័យដោយប្រើប្រាស់កម្មវិធី TrueMoney Wallet ឬ តាមភ្នាក់ងារទ្រូម៉ាន់នី ឬ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក៕

ដោយ៖ សូរិយា


ចែករំលែក៖