ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបសម្ដែងការគួរសម និងពិធីចុះអនុស្សរណៈនៃការយោគយល់ រវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការមូលនិធិអាស៊ី

ចែករំលែក៖

ភ្នំពេញ៖ នាវេលាព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យ លោក David D. Arnold ប្រធានអង្គការមូលនិធិអាស៊ី ចូលជួបសម្ដែងការគួរសម និងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ” រវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការមូលនិធិអាស៊ី នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។ 

ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារអង្គការមូលនិធិអាស៊ី។

នៅក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការមូលនិធិអាស៊ី ដែលបានចូលរួមចំណែកគាំទ្រក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ កន្លងមក ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការទៅលើ ការអភិវឌ្ឍវិស័យអប់រំបែបឌីជីថលនៅគ្រប់លំដាប់ថ្នាក់ ដូចជាការបង្កើតវីដេអូសម្រាប់សិស្ស ការបណ្ដុះបណ្ដាលគ្រូបង្រៀនក្នុងការបង្រៀនអនឡាញ និងកិច្ចសហប្រតិបត្ដិការជាមួយក្រុមហ៊ុនអ៊ីនធឺណេតនៅតាមសាលារៀន ដើម្បីសម្រួលដល់ការសិក្សាតាមប្រព័ន្ធអនឡាញ។

ជាមួយគ្នានេះដែរ លោក David D. Arnold ប្រធានអង្គការមូលនិធិអាស៊ី បានលើកឡើងអំពីការចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍវិស័យអប់រំ រួមមាន ការអនុវត្តកម្មវិធីបំប៉នជំនាញបច្ចេកវិទ្យា ការផ្ដល់ជូនអាហាររូបករណ៍ដល់និស្សិតកម្ពុជា និងការអភិវឌ្ឍក្នុងវិស័យ STEM ផងដែរ។ បន្ថែមពីនេះ អង្គការមូលនិធិអាស៊ី នឹងបន្ដពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា៕

ដោយ ៖ សិលា


ចែករំលែក៖