ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បាននៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានបង្ហាញនូវវឌ្ឈនៈភាពនៃកម្មវិធីបោសសំអាតគ្រាប់មិនទាន់ផ្ទុះនៅទន្លេមេគង្គ។
លោក ហេង រតនា បានថ្លែងបន្តថា កម្លាំងជំនាញបោសសំអាតគ្រាប់សំណល់សង្គ្រាមក្រោមទឹកក្នុងទន្លេមេគង្គ បានរុករកឃើញនិងស្រង់គ្រាប់មិនទាន់ផ្ទុះពីនាវាដឹកនាំគ្រាប់ផ្ទុះលិចនៅបាតទន្លេ បានគ្រាប់មិនទាន់ផ្ទុះមួយចំនួន។
អគ្គនាយកស៊ីម៉ាក់ បន្ថែមទៀតថា បច្ចុប្បន្ននេះ កម្លាំងស៊ីម៉ាកកំពុងតែបន្តកិច្ចការនេះទៀត នៅក្នុងគោលបំណងដើម្បី ធ្វើយ៉ាងណាចូលរួមកាត់បន្ថយហានិភ័យ ដែលបង្កឡើងពីសំណល់នៃសង្គ្រាម នៅកម្ពុជា។
ជាមួយគ្នានោះ លោក ហេង រតនា ក៏សូមអបអរសាទរចំពោះការសហការប្រកបដោយប្រសិទ្ធភាពរវាងកម្លាំងនគរបាលជាតិ និងកម្លាំងសុីម៉ាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋដែលមានកង្វល់ចំពោះសំណល់យុទ្ធភណ្ឌសង្គ្រាម!។ ជាក់ស្តែងក្នុងឆ្នាំ២០២១ កន្លងទៅ កម្លាំងគនរបាល និងកម្លាំងសុីម៉ាក់ បានឆ្លេីយតបប្រមូលគ្រាប់សំណល់យុទ្ធភណ្ធសង្គ្រាមបានជិត២០.០០០គ្រាប់ដែលជាសំនូមពររបស់ប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជាង៥០០.០០០គ្រួសារ៕
ដោយ៖សហការី