ព័ត៌មានទាន់ហេតុការណ៍៖

លោក សាយ សំអាល់ ៖ “ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេសបានអនុវត្តតួនាទី ភារកិច្ច បេសកកម្ម ប្រកបដោយការទទួលខុសត្រូវ ឯករាជ្យម្ចាស់ការ និងគំនិតច្នៃប្រឌិតខ្ពស់

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរបាយការណ៍បូកសរុបសមិទ្ធផល និងទិសដៅបន្ទាប់របស់គណៈកម្មាធិការកណ្តាល ដែលអានដោយ លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា “ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេសបានអនុវត្តតួនាទី ភារកិច្ច បេសកកម្ម ប្រកបដោយការទទួលខុសត្រូវ ឯករាជ្យម្ចាស់ការ និងគំនិតច្នៃប្រឌិតខ្ពស់ស្របតាមបំណងប្រាថ្នារបស់យុវជន និងប្រជាជន និង ការវិវឌ្ឍសភាពការណ៍ថ្មីៗដោយទទួលបានលទ្ធផលគួរជាទីមោទកៈ។” សូមបញ្ជាក់ថា, របាយការណ៍ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា៖ “យុវជនបានក្តាប់ជាប់នូវមូលដ្ឋានប្រវត្តិសាស្រ្តដែលអតីតថ្នាក់ដឹកនាំនៃសមាគមយុវជនដែលកើតចេញពីកម្លាំងសាមគ្គីដ៏អស្ចារ្យនៃរណសិរ្សសង្រ្គោះជាតិកម្ពុជា ដែលបានបន្សល់ទុកនូវស្មារតី២ធ្នូក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលដក់ជាប់នៅក្នុងបេះដូងយុវជនជាសមាជិក ស.ស.យ.ក. ឱ្យមានភាពក្លាហាន និងឆន្ទៈដ៏មោះមុតក្នុងការបំពេញបេសកកម្មរបស់ខ្លួន។”

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. លោក ហ៊ុន ម៉ានី បានលើកឡើងថាការរៀបចំកិច្ចប្រជុំដោយផ្ទាល់នាពេលនេះ គឺស្របពេលដែលកម្ពុជា បានបើក ដំណើរ ការ ប្រទេស ឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបានភាពសាំនៅក្នុងសហគមន៍ តាមរយៈយុទ្ធនាការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃដោយអនុលោមតាមអភិក្រមផ្ការីក។ លោកបានមានប្រសាសន៍បញ្ជាក់ថា៖ «ការជួបជុំគ្នានៅខេត្តសៀមរាបនាឱកាសនេះ នឹងឆ្លុះបញ្ចាំងឱ្យសាធារណជន ជាតិ និងអន្តរជាតិ ឃើញអំពីការបើកទំព័រថ្មីនៃតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាទឹកដី បេតិកភណ្ឌដ៏ល្អពិសិដ្ឋរបស់កម្ពុជា បន្ទាប់ពី បានធ្វើទំនើបកម្ម និងកែលម្អឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអស់រយៈពេលជាង ១ឆ្នាំ»។  

ទន្ទឹមនឹងនេះ លោកបានចាត់ទុកថាកិច្ចប្រជុំគណៈកម្មាធិការកណ្តាល មិនត្រឹមតែជាសក្ខីភាពបញ្ជាក់នូវការចូលរួមគាំទ្រ និងអបអរសាទរចំពោះសមិទ្ធផលនានាដែល ស.ស.យ.ក សម្រេច បាន ក្នុងរយៈពេល ៨ខែកន្លងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសបញ្ជាក់ឱ្យឃើញនូវស្មារតីរួបរួមគ្នា និងការប្តេជ្ញាចិត្តដើម្បីបុព្វហេតុ យុវជនក្នុងកិច្ចការមាតុភូមិទៀតផង ជាពិសេសការកំណត់ទិសដៅការងារដែលយើងត្រូវធ្វើក្នុងជំហាន បន្ទាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖