ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ បានចូលទៅម៉ាស្សានៅហាងមួយកន្លែង ហើយខណៈសួរមេការរកនារីបម្រើផ្លូវភេទមិនបានក៏ផ្ទុះកំហឹងអុកឡុកក្នុងហាងដោយយកដំបងវាយកម្ទេចរបស់របរ និងកញ្ចក់ទ្វារ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួនបន្ទាប់ពីរត់គេចខ្លួនចូលទៅសំងំនៅក្នុងសណ្ឋាគារយីហោ”កាស៉ីណូប៉ាវទូ” នៅក្នុងក្រុងព្រះសីហនុ ។
ករណីហិង្សាខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចហាងម៉ាស្សាមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវឯករាជ្យ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍របស់បុគ្គលិកដែលធ្វេីការនៅកន្លែងកេីតហេតុបានប្រាប់សមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ គឺបុរសជនជាតិចិនម្នាក់នេះបានដើរចូលមកម៉ាស្សានៅហាងរបស់គាត់ធ្វេីការ ពេលនោះជនជាតិចិនរូបនេះបានហៅមេការសួររកនារីបម្រើផ្លូវភេទ ខណៈនោះមេការប្រាប់ថាកន្លែងនេះពុំមានសេវាបម្រើផ្លូវភេទទេ។ ភ្លាមៗនោះស្រាប់តែបុរសជនជាតិចិននេះខឹងយ៉ាងខ្លាំងបានទាញដំបងមកវាយរបស់របររួចគេចខ្លួនទៅ។ ស្រាប់តែមួយសន្ទុះក្រោយក៏ឃើញបុរសជនជាតិចិនរូបនេះលេចមុខមកម្តងទៀតដោយកាន់ដុំឥដ្ឋនិងដុំថ្មគប់សំដៅមកហាងបណ្ដាលឱ្យបែកកញ្ចក់ទ្វារ និងខូចខាតសម្ភារមួយចំនួនធំ រួចព្យាយាមរត់ចូលសណ្ឋាគារយីហោ”កាស៉ីណូប៉ាវទូ” តែត្រូវបុគ្គលិកហាងដេញតាមពីក្រោយទាន់និងរាយការណ៍ប្រាប់សមត្ថកិច្ចជួយធ្វើអន្តរាគមន៍តែម្តង។
ក្រោយទទួលបានដំណឹងភ្លាម កម្លាំងអន្តរាគមន៍ពិសេសខេត្តព្រះសីហនុ បានចុះមកដល់សណ្ឋាគារយីហោ”កាស៉ីណូប៉ាវទូ” ដែលជនបង្ករត់ទៅសំងំលាក់ខ្លួន និងសុំការសហការជាមួយម្ចាស់សណ្ឋាគារសុំឱ្យជនបង្កចុះមកធ្វើការដោះស្រាយគ្នាជាមួយម្ចាស់ហាងម៉ាស្សានៅស្នងការដ្ឋាននគរបាលខេត្ត ទេីបជនបង្កព្រមចេញសងថ្លៃខូចខាតឱ្យម្ចាស់ហាង ដើម្បីបញ្ចប់រឿងទាំងយប់៕
ដោយ៖សហការី