ភ្នំពេញ ៖ ខណៈមេឃកំពុងភ្លៀងខ្លាំង ស្រាប់តែមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្តដឹកខ្សាច់ធុនធំមួយគ្រឿងបានកិនម៉ូតូមួយគ្រឿង រងការខូចខាត និងបណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្ទុបវត្តចាក់អង្រែក្រោម តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅពេលកេីតហេតុ គឺមេឃបានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈពេលនោះក៏មាននារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Nek ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HD-1500 បានឆ្លងកាត់ស្តុប ស្របពេលនោះក៏មានរថយន្តធុនធំម៉ាក DONGFENG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-5725 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរចេញពីផ្លូវបេតុង ទិសដៅពីលិចមកកេីត បំណងឆ្លងស្តុបបត់ស្ដាំទៅផ្លូវជាតិលេខ២ រួចក៏បុកម៉ូតូ SUZUKI Nek ខាងលេី និងកិនអូសជិត១០ម៉ែត្ររងការខូចខាតយ៉ាងដំណំ ព្រមទាំងបណ្ដាលឲ្យនារីម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរផងដែរ ។
ក្រោយកេីតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានចុះទៅឡេីងរថយន្តផ្សេងទៀតរហូតទៅដល់ការដ្ឋានបូមខ្សាច់មួយកន្លែងជាប់ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ តែត្រូវសមត្ថកិច្ចមូលដ្ឋានចុះឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីដោះស្រាយតាមច្បាប់ ។
ចំណែកនារីរងគ្រោះភ្លាមៗក៏ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិតផងដែរ ។
ដោយឡែករថយន្តនិងម៉ូតូខាងលេី ត្រូវបានសមត្ថកិច្ចជំនាញ ធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ