ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើកបររថយន្តក្នុងល្បឿនលឿនមិនប្រយត្ន័ជ្រុលទៅបុកផ្ទះពលរដ្ឋនិងបង្ករបួសស្នាមដល់កូនម្ចាស់ផ្ទះ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់បើកបររថយន្តក្នុងស្ថានភាពស្រវឹងដោយប្រើល្បឿនលឿនគ្រប់គ្រងស្មារតីខ្លួនឯងមិនបានធ្វើឱ្យជ្រុលទៅបុកផ្ទះគេនៅវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ២៦២៥ ត្រង់ចំណុចផ្លូវបំបែកស្ថិតក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានបើកបុកចូលផ្ទះរបស់ឈ្មោះ យ៉ុង អេម ភេទប្រុស អាយុ ៥៤ឆ្នាំ មានប្រពន្ធឈ្មោះ ហៀង សារីន  អាយុ៥១ឆ្នាំ រស់នៅភូមិភូមិឃុំកើតហេតុ ខាងលើបណ្តាលឱ្យរងរបួសធ្ងន់កូនម្ចាស់ផ្ទះ១នាក់ដែលកំពុងងូតទឹកក្នុងបន្ទប់ទឹក មានឈ្មោះ អេម ឆវី ភេទស្រី អាយុ១១ឆ្នាំ ដោយរងរបួសធ្ងន់ត្រង់ផ្ទៃមុខ  បាក់ដៃខាងស្ដាំ និងខូចខាតផ្ទះមួយចំណែក។

    តាមសមត្ថកិច្ចបានឱ្យដឹងថា ជនបង្កជាអ្នកបើកបររថយន្តឈ្មោះ ឡេន ណូរុន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ  បើកបររថយន្តម៉ាក Lexus RX300 ពណ៌ស្ករ ស៊េរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ ២Q-៩១២២ មិនរងរបួសអ្វីទេ  តែរថយន្តរងការខូចខាតធ្ងន់ផ្នែកខាងមុខ ។

    ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ចំណែកអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតវត្ថុតាងនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក​ដេីម្បីចាត់ការបន្តតាមនីតិវិធី​ ៕

ដោយ៖ប៉ែន នួន


ចែករំលែក៖