ខ្សែការពារ Tyrick Mitchell មកពីក្រុម Crystal Palace និងខ្សែការពារ Kyle Walker-Peters មកពីក្រុម Southampton ត្រូវបានកោះហៅចូលជម្រើសជាតិអង់គ្លេសជាដំបូងក្នុងអាជីពរបស់ពួកគាត់។ ពួកគាត់នឹងត្រូវបានចូលរួមនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសដោយមានអ្នកចាំទី Sam Johnstone របស់ West Brom និងខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa ផងដែរ។
ការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងរបស់អ្នកខាងលើនេះគឺ ដោយសារតែមិនមានវត្តមានរបស់កីឡាករ Aaron Ramsdale, Trent Alexander-Arnold, Reece James និង Tammy Abraham ដោយសារតែបញ្ហារបួស។
ការបង្ហាញខ្លួននេះនឹងក្លាយជាការចូលរួមលើកដំបូងជាមួយប្រទេសអង់គ្លេសក្នុងកម្រិតណាមួយសម្រាប់កីឡាករ Mitchell កើតនៅទីក្រុងឡុង មានវ័យ២២ឆ្នាំដែលបានលេងឱ្យក្រុម AFC Wembley កាលពីក្មេងមុនពេលចូលរួមជាមួយក្រុមយុវជនរបស់ក្រុម Brentford។ កីឡាកររូបនេះបានបង្ហាញខ្លួន៥៧ប្រកួតឱ្យក្រុម Crystal Palace ដោយស៊ុតបញ្ចូលទីបាន១គ្រាប់។
ចំណែកកីឡាករ Walker-Peters មានវ័យ២៤ឆ្នាំ ដែលជាអ្នកជួយឲ្យក្រុមអង់គ្លេសឈ្នះជើងឯក World Cup អាយុក្រោម២០ឆ្នាំ កាលពីឆ្នាំ២០១៧បានឈ្នះពានរង្វាន់ពីអាយុក្រោម១៨ឆ្នាំដល់កម្រិតអាយុក្រោម២១ឆ្នាំ ហើយបានបង្ហាញខ្លួន២៨លើកសម្រាប់ Southampton នៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន៣គ្រាប់។
សម្រាប់ការប្រកួតនៅសប្តាហ៍នេះ ក្រុមជម្រើសជាតិអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមស្វីសនៅថ្ងៃសៅរ៍ មុនពេលប៉ះកូឌីវ័រនៅថ្ងៃអង្គារសប្តាហ៍ក្រោយជាមួយនឹងការប្រកួតមិត្តភាពទាំង២នៅកីឡដ្ឋាន Wembley។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេសទាំង២៥នាក់៖
អ្នកចាំទី៖ Sam Johnstone, Jordan Pickford, Nick Pope ។
ខ្សែការពារ៖ Conor Coady, Marc Guehi, Harry Maguire, Tyrone Mings, Tyrick Mitchell, Luke Shaw, John Stones, Kyle Walker-Peters, Ben White ។
ខ្សែបម្រើ៖ Jude Bellingham, Conor Gallagher, Jordan Henderson, Mason Mount, Declan Rice, James Ward-Prowse ។
ខ្សែប្រយុទ្ធ៖ Phil Foden, Jack Grealish, Harry Kane, BukayoSaka, Emile Smith Rowe, Raheem Sterling, Ollie Watkins ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)