ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតឥណ្ឌា៖ កម្ពុជាជាមិត្តជិតស្និទ្ធ និងត្រៀមជួយកងយោធពលខេមរភូមិន្ទតាមតម្រូវការជាក់ស្តែង

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ​នៅព្រឹកថ្ងៃទី២៤ មីនានេះ បាន​ទទួលជួប​ពិភាក្សា​ការ​ងារជាមួយលោកស្រី បណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងជំនួបពិភាក្សានោះក៏មានវត្តមាន លោកវរសេនីយ៍​ឯក​ វ៉ារ៉ាដាន​ គូម៉ា​ (Varadan ​Kumar​ ) នាយ​ការិយាល័យ​អនុព័ន្ធយោធា​ឥឥណ្ឌាប្រចាំ​កម្ពុជា​ ដែល​មាន​និវេសន​ដ្ឋាន​នៅ​ទី​ក្រុង​ហា​ណូយ​ ប្រទេស​វៀត​ណាម ផងដែរ។

លោកស្រីបណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតទទួលជួបពិភាក្សាការងារ ហើយបានអបអសាទរ និងគាំទ្រដល់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពលើកទី១៩ សម្រេចបានលទ្ធផលផ្លែផ្កា។

លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការជិតស្និតរវាង​កង​ទ័ព​ប្រទេសទាំង​ពីរ​ កម្ពុជា-ឥណ្ឌា ពិសេសលើជំនាញ​ប្រតិបត្តិការ​រក្សា​សន្តិភាព ហើយតទៅថ្ងៃខាងមុខ ឥណ្ឌាបានត្រៀមជាស្រេច ក្នុងការឆ្លើយតបចំពោះតម្រូវការនានារបស់កងយោធពលខេមរភូមិន្ទ និងស្នើពិនិត្យលទ្ធភាពក្នុងការបង្កើតស្ថានអនុព័ន្ធយោធាឥណ្ឌានៅកម្ពុជា។

ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រាបជូនលោកស្រីបណ្ឌិតឯកអគ្គរដ្ឋទូតឥណ្ឌា ពីស្ថានភាពបច្ចុប្បន្នដែលបញ្ហាប្រឈមជំងឺកូវីដ១៩មានភាពធូរស្រាល និងឈានទៅបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ភាពធូរស្រាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩នេះ មិនមែនជារឿងចៃដន្យនោះទេ គឺអាស្រ័យដោយមានការដឹកនាំពូកែ បុិនប្រសប់ និងផ្លាស់ប្តូរគ្រប់យុទ្ធវិធី ទាន់សភាពការណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គួបផ្សំនឹងការចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋ និងការឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត។ 

ពាក់ព័ន្ធលើទំនាក់ទំនង នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានលើកឡើងពីចំណងការទូតរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៧០ ឆ្នាំមកហើយ ក្នុងនោះលើកិច្ចសហប្រតិបត្តិការយោធា ឥណ្ឌាបានជួយឧបត្ថម្ភទាំងសម្ភារ ថវិកា ពិសេសការបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទ ឲ្យក្លាយជាកងទ័ពមានសមត្ថភាពបំពេញបេសកកម្មក្រោមក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ បានលើកឡើងពីការពិចារណានៅក្នុងការស្នើបើកស្ថានអនុព័ន្ធយោធាឥណ្ឌានៅកម្ពុជា និងសិក្សាជាមួយស្ថាប័នជំនាញពាក់ព័ន្ធ អំពីតម្រូវការនានារបស់កងយោធពលខេមរភូមិន្ទ ដើម្បីស្នើសុំឱ្យឥណ្ឌាបន្តជួយឧបត្ថម្ភ៕

ដោយ ៖ សិលា


ចែករំលែក៖