ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០២១សាកកម្លាំងជាមួយហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ស្លាប់ម្នាក់របួសស្រាល២ម្នាក់

ចែករំលែក៖

   ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុនិងមនុស្ស២នាក់ទៀតបានរងរបួសស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយនឹងម៉ូតូ។

    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ស្ថិតនៅលើខ្នងព្រែកធំ ភូមិកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទីខេត្តតាកែវ។

    សមត្ថកិច្ចបានឱ្យដឹងថា  គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូនឹងម៉ូតូក្នុងទិសដៅបើកបញ្ច្រាសគ្នាពីជើងទៅត្បូង ដែលបង្កឡើងដោយម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IP-0404 បើកមកពីទិសខាងជើងទៅត្បូងដោយឈ្មោះឈាង ស៊ីណា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រៃផ្ដៅ ឃុំព្រៃផ្ដៅស្រុកព្រៃកប្បាស ខេត្តតាកែវ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ  និងម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1P-5444បើកមកពីទិសខាងត្បូងទៅទិសខាងជើងដោយឈ្មោះសុឹម កែវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិមឿងប្រចិន ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ បណ្ដាលឲ្យរងរបួសស្រាល ហើយអ្នករួមដំណើរជាមួយឈ្មោះសែម សុភាព ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរកម្មការិនី មានទីលំនៅភូមិមឿនប្រចិន ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវបណ្ដាលឱ្យរងរបួសស្រាល។

   សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថាមូលហេតុមកពីម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២១បើកបរក្នុងល្បឿនលឿន។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ និងវាស់វែង ហើយបានយកវត្ថុតាងបង្កទៅរក្សាទុកនៅអធិការដ្ឋានដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖