ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននាំយកថវិកាទៅឧបត្ថម្ភអង្គភាពយោធភូមិភាគពិសេស ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។
ពិធីប្រគល់បានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ នៅទីបញ្ជាការយោធភូមិភាគពិសេស ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការអមដំណើរពី នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង និងថ្នាក់ដឹកនាំមួយចំនួនទៀត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលនាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគពិសេសសម្រេចបាន នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព និងការកសាងអង្គភាពឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
នាយឧត្តមសេនីយ៍ បញ្ជាក់ថា ការរីកចម្រើនលើគ្រប់វិស័យមកដល់បច្ចុប្បន្ន គឺដោយសារ សន្តិភាព ដែលបានផ្តល់ឱកាសឲ្យយើងធ្វើការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយប្រជាជនបានរួមរស់ ប្រកបដោយភាពសុខដុមរមនាក្នុងសង្គមជាតិ។
«ពេលយើងនិយាយពីសន្តិភាព ត្រូវដឹងថា សន្តិភាព បានមកពីណា? បានមកពីនយោបាយ ឈ្នះ ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពពេញលេញជូនជាតិ»។ នេះជាការអះអាងរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់នាយទាហាននាយទាហានរង និងពលទាហានគ្រប់រូប ត្រូវយល់ដឹងឲ្យបានជ្រាលជ្រៅ ទូលំទូលាយ អំពីស្មារតីនៃនយោបាយ ឈ្នះ ឈ្នះ និងខិតខំលើកកម្ពស់មនសិកាស្នេហាជាតិ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ និងរាំងស្កាត់មិនឱ្យប្រវត្តិសាស្ត្រដ៏ឈឺចាប់ពីអតីតកាល កើតមានសារជាថ្មីនៅលើទឹកដីមាតុភូមិរបស់យើង៕
ដោយ ៖ សុខ ខេមរា