ព័ត៌មានទាន់ហេតុការណ៍៖

អីក៏ខ្លាំងម្ល៉េះលោកព្រះ! ខឹងគេមិនឱ្យជំពាក់ថ្លៃទិញបារីយកដំបងវាយអ្នកលក់ឱ្យរងរបួស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពយកដំបងវាយអ្នកលក់បារីនិងគ្រឿងទេសខណៈដែលរូបគេខឹងអ្នកលក់មិនឱ្យជំពាក់លុយ។

   ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងភូមិលៀក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២២។

    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ចាន់ ឈន ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិលៀក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះមានឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិឃុំជាមួយគ្នា រងរបួសដៃនិងជង្គង់ ។

   ប្រភពបានបន្តទៀតថា មូលហេតុដែលនាំឱ្យមានអំពើហិង្សាកើតឡើងនេះគឺដោយសារតែជនសង្ស័យខឹងជនរងគ្រោះមិនឱ្យជំពាក់លុយថ្លៃបារី និងគ្រឿងទេសទើបជនសង្ស័យវាយជនរងគ្រោះតែម្តងទៅ។

    បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញសាកសួរនៅអធិការដ្ឋាននគរបាលស្រុកគងពិសីដើម្បីកសាងសំណុំ​រឿងអនុវត្តតាមនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖