ព័ត៌មានទាន់ហេតុការណ៍៖

ណាសាអរគុណរុស្ស៊ីដែលបានបញ្ជូនអវកាសយានិកវិលត្រឡប់មកផែនដីដោយជោគជ័យ

ចែករំលែក៖

អង្គការអវកាសអាមេរិក ណាសា បានអរគុណដល់អង្គការអវកាសរុស្ស៊ី Roscosmos ដែលបានបញ្ជូនអកាសយានិកវិលត្រឡប់មកផែនដីវិញដោយជោគជ័យ ពីស្ថានីយអវកាសអន្តរជាតិ ISS ។ អវកាសយានិកអាមេរិក Mark Vande Hei និងមិត្តរួមការងារពីររូបគឺជាជនជាតិរុស្ស៊ី បានវិលត្រឡប់មកផែនដីវិញកាលពីថ្ងៃទី ៣០ខែមីនា តាមយានអវកាស Soyuz តាមការគ្រោងទុក។
នៅក្នុងការបំពេញភារកិច្ចលើកនេះ អវកាសយានិកអាមេរិកបានបំបែកកំណត់ត្រាដែលធ្វើការនៅលើស្ថានីយអវកាសដល់ទៅ៣៥៥ថ្ងៃ។ ការវិលត្រឡប់មកផែនដីវិញទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែអាមេរិកនិងរុស្ស៊ីកំពុងប្រឈមមុខតានតឹងដាក់គ្នា ក្រោយទីក្រុងមូស្គូ បើកយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែន ។
បើទោះបីការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើរុស្ស៊ី ប៉ុន្តែវិស័យអវកាស ណាសា និងរុស្ស៊ី នៅតែបន្តសហការគ្នា បង្កើតទំនាក់ទំនងយ៉ាងល្អ ពិសេសគឺការបញ្ជូនអវកាសយានិកអាមេរិកពីស្ថានីយចុះមកផែនដីវិញ។
បច្ចុប្បន្ននៅក្នុងស្ថានីយអវកាស ISS មានអវកាសយានិករបស់ណាសា៣រូប គឺ Tom Marshburn, Raja Chari និង Kayla Barron។ ចំណែកអង្គការអវកាសអឺរ៉ុប(EAS) មានអវកាសយានិកម្នាក់គឺលោក Matthias Maurer ។ ចំណែករុស្ស៊ីវិញក៏មានអវកាសយានិក៣រូបផងដែរគឺលោក Oleg Artemyev, Denis Matveev និង Sergey Korsakov៕

ដោយ៖ ធីរីណា(រូបថត​ : NASA)


ចែករំលែក៖