ព័ត៌មានទាន់ហេតុការណ៍៖

កញ្ចក់មុខបន្ទប់បើកបរយន្តហោះបែក អាកាសយានិកបញ្ជាយន្តហោះចុះចតជាបន្ទាន់

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 757 របស់ក្រុមហ៊ុនអាកាសចរណ៍ Delta អាមេរិក បានប្រេះបែកកញ្ចក់មុខក្នុងបន្ទប់បើកបរពេលកំពុងស្ថិតនៅលើអាកាស បង្ខំឱ្យអាកាសយានិកត្រូវចុះចតជាបន្ទាន់។
តាមការប្រកាសនៅថ្ងៃទី ៣ខែមេសា អ្នកនាំពាក្យនាយកដ្ឋានអាកាសចរណ៍អាមេរិក FAA បានបញ្ជាក់ថា នឹងបើកការស្រាវជ្រាវពីករណីបែកកញ្ចក់ខាងលើរបស់យន្តហោះដឹកអ្នកដំណើរក្រោយការហោះហើរបាន៩០នាទី។ ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី៣១ខែមីនាដោយយន្តហោះធ្វើដំណើរពីទីក្រុង Salt Lake ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ។ ក្រោយប្រេះបែកកញ្ចក់ យន្តហោះក៏បានចុះចតបន្ទាន់នៅទីក្រុងDenver ដោយសុវត្ថិភាព។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ដែលតា បានលើកឡើងថា ដើម្បីបញ្ចៀសគ្រោះអាសន្នកើតឡើង អាកាសយានិកបានសម្រេចបញ្ជាយន្តហោះចុះចតនៅទីក្រុង Denver ។ ក្នុងពេលនោះនៅលើយន្តហោះមានអ្នកដំណើរនិងក្រុមអាកាសយានិក១៩៨នាក់។ ក្រោយការចុះចត ក្រុមហ៊ុនក៏បានរៀបចំឱ្យអ្នកដំណើរឡើងយន្តហោះផ្សេងទៀតទៅកាន់គោលដៅដែលបានគ្រោងទុក។
កាលពីឆ្នាំ២០១៨ អាកាសយានិករង នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Sichuan Airlines របស់ប្រទេសចិន ត្រូវបានខ្យល់កួចចេញក្រៅពាក់កណ្តាលខ្លួន ដោយសារតែកញ្ចក់ទប់ខ្យល់បានបែកពេលកំពុងតែហោះហើរ៕ ដោយ៖ធីរីណា

រូបថត​ ៖​ Twitter/Dailymail

 


ចែករំលែក៖