ព័ត៌មានទាន់ហេតុការណ៍៖

ថៃកំណត់គោលដៅទាក់ទាញអ្នកទេសចរ១,‌១លាននាក់មកពីតំបន់អាស៊ាន

ចែករំលែក៖

នាយកដ្ឋានទេសចរណ៍ថៃ (TAT) បានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរមកពីតំបន់អាស៊ាន១,‌១លាននាក់នៅក្នុងឆ្នាំ២០២២នេះ ។ ក្នុងពេលនេះមិនមានការរឹតត្បិតនៅតាមព្រំដែននោះឡើយ ។
ក្រៅពីតំបន់អាស៊ាន ថៃក៏បានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរមកពីអូស្ត្រាលី២សែននាក់ មកពីឥណ្ឌា៤៥០ពាន់នាក់ធ្វើឱ្យចំនួនអ្នកទេសចរមកលេងនៅថៃកើនឡើង១,៧៥លាននាក់។
ថៃបានជំរុញវិស័យទេសចរណ៍បើទោះបីនៅមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ក្តី។ សារព័ត៌មានថៃ Bangkok Postបានផ្សាយថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន២១,០៨៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២០,៩៩៥ករណីជាករណីឆ្លងក្នុងសហគមន៍ និង ៩៣ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន៩១នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា ខណៈដែលអ្នកជំងឺចំនួន២៧,៥១៩នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ។
មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន៣,៧៥៧,៥៧៥ករណី ក្នុងនោះមានអ្នកស្លាប់ ២៥,៦០៣នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៣.៤៨លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង១៣០លានដូស ក្នុងនោះប្រជាជនជាង ៥០.២៥លាននាក់ (៧២.០% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៣.៩៤លាននាក់ (៣៤.៣%) បានចាក់ដូសជំរុញ៕

ដោយ៖ធីរីណា(រូបថត​ ៖​ THX/ TTXVN)


ចែករំលែក៖