ព័ត៌មានទាន់ហេតុការណ៍៖

ចិនថ្កោលទោសអាមេរិកលក់អាវុធតម្លៃជិត១០០លានដុល្លារដល់កោះតៃវ៉ាន់ និងស្នើឱ្យលុបទណ្ឌកម្មរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម

ចែករំលែក៖

អាមេរិកបានអនុម័តលក់អាវុធសម្រាប់ការហ្វឹកហាត់ដល់ទាហានកោះតៃវ៉ាន់មានតម្លៃ៩៥លានដុល្លារ ដើម្បីធានាដំណើរការកាំជ្រួចមីស៊ីលការពារដែនអាកាស Patriot ។
នាយកដ្ឋានសន្តិសុខការពារជាតិ(DSCA) មកពីមន្ទីរបញ្ចកោណអាមេរិកបានឱ្យដឹងថា ក្រសួងការបរទេសអាមេរិកបានអនុម័តយល់ព្រមទៅលើកិច្ចព្រមព្រៀងផ្តល់ជំនួយបច្ចេកទេស ហ្វឹកហាត់ដល់កម្លាំងទាហានកោះតៃវ៉ាន់សម្រាប់ការប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារ Patriot មានតម្លៃ ៩៥លានដុល្លារ ។ តៃវ៉ាន់កំពុងតែដំណើរការប្រព័ន្ធមីស៊ីលការពារ Patriot PAC-3 ចំនួន៧ប្រព័ន្ធ ដែលមានមីស៊ីលសរុប៤០០ដើម ដើម្បីវាយប្រហារទប់ស្កាត់គោលដៅហោះហើរពីសត្រូវ ដែលកោះតៃវ៉ាន់បានទិញពីអាមេរិកក្នុងអំឡុងឆ្នាំ ២០១១-២០១៥។
សកម្មភាពខាងលើទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដោយនេះជាសកម្មភាពបង្កឱ្យមានភាពតានតឹងនិងជាការបំពានច្បាប់ចិនតែមួយដែលអាមេរិកបានព្រមព្រៀង។
ក្នុងពេលជាមួយគ្នានេះដែរ ចិនក៏បានអំពាវនាវដល់អាមេរិកឱ្យបញ្ឈប់ និងដកទណ្ឌកម្មដែលដាក់ទៅលើប្រទេសរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ មន្ត្រីការបរទេសចិនបានបញ្ជាក់ថា «អាមេរិកកំពុងតែទទួលផលប្រយោជន៍ពីភាពចលាចល និងសង្គ្រាមនៅជុំវិញពិភពលោក ។ ប្រវត្តិសាស្ត្រ និងការណ៍ពិតបច្ចុប្បន្ន បានបញ្ជាក់យ៉ាងច្បាស់ថា ការដាក់ទណ្ឌកម្មមិនបាននាំមកនូវសន្តិភាពនិងសន្តិសុខនោះឡើយ ផ្ទុយទៅវិញគឺនាំមកនូវការបាត់បង់ ខូចខាតតែប៉ុណ្ណោះ ។ ការដាក់ទណ្ឌកម្មនឹងធ្វើឲ្យប៉ះពាល់ប្រព័ន្ធសន្តិសុខសេដ្ឋកិច្ចពិភពលោក ៕

ដោយ៖ ធីរីណា(រូបថត​ ៖​ CNA)


ចែករំលែក៖