ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញសរសើរអភិបាលរាជធានីភ្នំពេញដែលបានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាន យ៉ាងល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានកោតសរសើរអភិបាលរាជធានីភ្នំពេញដែលបានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីបានយ៉ាងល្អប្រសើរ ធ្វើឱ្យទីក្រុងនេះមានសោភណភាពស្រស់ស្អាតកាន់តែស៊ីវិល័យ។

     ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា រាជរដ្ឋាភិបាល និងលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានខិតខំកសាងសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីអភិវឌ្ឍកែលម្អសោភណភាពនៅរាជធានីភ្នំពេញ កាន់តែស្រស់ស្អាត និងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

     ក្រៅពីនេះ លោកប្រធានបានបញ្ជាក់ទៀតថា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងការពារសន្តិសុខសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញបានល្អប្រសើរ ព្រមទាំងបានទប់ស្កាត់អ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងទីលានចាក់សំរាមដង្កោបាន១០០ភាគរយ។

    នៅក្នុងឱកាសនោះដែរ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចូលរួមពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយបទល្មើសនានា រួមទាំងចុះត្រួតពិនិត្យទីតាំងទទួលទិញ លក់ បញ្ចាំយានយន្តគ្រប់ប្រភេទដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នាពេលខាងមុខនេះ។

ស្នើឱ្យពង្រីកការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ដូចជាខិត្តប័ណ្ណដែលទាក់ទងនឹងការផលិត រក្សាទុក ចរាចរ ចែកចាយជួញដូរគ្រឿងញៀន ។

    បន្ថែមពីនេះទៀតលោកប្រធានក្រុមប្រឹក្សាក៏បានសំណូមពរឱ្យមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ជួយជំរុញការជីកអណ្តូងស្នប់ឱ្យបានតាមផែនការ ព្រោះរដូវប្រាំងបានមកដល់ហើយ សម្រាប់អ្នកនៅខណ្ឌជាយក្រុងដែលទឹកស្អាតមិនទាន់ទៅដល់ ដើម្បីឱ្យពួកគាត់មានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងជីវភាពប្រចាំថ្ងៃ។

     លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាធានីភ្នំពេញពីប្រធានក្រុមប្រឹក្សារាជធានីនាពេលនេះ គឺជាការលើកទឹកចិត្តបន្ថែមទៀតដល់រដ្ឋបាលរាជធានីភ្នំពេញក្នុងការបំពេញការងារឱ្យកាន់តែល្អបន្ថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដែលបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់សោភណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត។ លោកអភិបាលរងបានបញ្ជាក់ថា មន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលរាជធានីភ្នំពេញនឹងបន្តដោះស្រាយរាល់សំណើនានាដែលបានលើកពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការទប់ស្កាត់គ្រឿងញៀន  និងការដោះ ស្រាយបញ្ហាជីកអណ្តូងទឹកប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋនៅតំបន់ជាយក្រុងឱ្យបានទាន់ពេលវេលា ដើម្បីបំពេញតម្រូវការឆ្លើយតបក្នុងជីវភាពរស់នៅប្រចាំថ្ងៃជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។

     សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៥របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣បានពិនិត្យ និងអនុម័តការងារមួយចំនួនរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងឆមាសទី១ ឆ្នាំ២០២២រួមមាន ការគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញ ការងាររដ្ឋបាលខណ្ឌសង្កាត់ ការងាររបស់មន្ទីរ អង្គភាពជំនាញ បញ្ហាប្រឈមដំណោះស្រាយ និងការងារទិសដៅបន្ទាប់៕

ដោយ ៖ សំរិត


ចែករំលែក៖