ខេត្តស្វាយរៀង ៖ មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានរៀបចំប្រារព្ធធ្វើពិធីសូត្រមន្តចំរើនសិរីសួស្តីនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ ក្រោមការចូលរួមពីលោក ខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងនិងលោកស្រី លោកអនុប្រធានមន្ទីរប្រធានការិយាល័យ ចំណុះឱ្យមន្ទីរជាច្រើននាក់ផងដែរ។
នៅក្នុងឱកាសនោះលោក ខៀវ សំអុល ប្រធានមន្ទីរក៏បានថ្លែងនូវការកោតសរសើរចំពោះមន្រ្តីរបស់ខ្លួនដែលបាន រូមសាមគ្គី សហការគ្នាបានល្អ តាមភារកិច្ចរៀងៗខ្លួនដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តស្វាយរៀង ទទួលបានសមិទ្ធផលថ្មីៗ ជាច្រើនរហូតដល់បច្ចុប្បន្ននេះចូលរួមចំណែក យ៉ាងសកម្មក្នុងការអនុវត្តតាមអនុសាសន៍ និង យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោកក៏ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និង វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់មន្រ្តីមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងសូមមានសុខភាពល្អ ទាំងអស់គ្នា នៅចុងបញ្ចប់លោកប្រធាននិងមន្រ្តីក្រោមឱវាទបានរាប់បាត្រប្រគេនដល់ព្រះសង្ឃផងដែរ។
សូមបញ្ជាក់ថាមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង តែងតែប្រារព្វធ្វើពិធីនេះជារៀងរាល់ឆ្នាំដោយមានការចូលរួមពីមន្រ្តីក្រោមឱវាទដោយមានការបន់ស្រន់ និង រាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ធ ជីដូនជីតា បុព្វការីជន និង បងប្អូនប្រជាពលរដ្ឋដែលបានបង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងយុទ្ធជនយុទ្ធនារី ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ៕
ដោយ៖យឹម សុថាន