ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង ណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ មិនត្រូវឃុបឃិតជាមួយជនអន្តោប្រវេសន៍ខុសច្បាប់ឡើយ

ចែករំលែក៖

ភ្នំពេញ ៖ នេះបើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មិនត្រូវឃុបឃិតជាមួយជនអន្តោប្រវេសន៍ខុសច្បាប់នោះទេ ទោះជនជាតិណាក៏ដោយ ដោយមិនមានការបែងចែកទេ ឱ្យតែប្រព្រឹត្តខុសច្បាប់យើងអនុវត្តច្បាប់តែមួយ។ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ក៏បានណែនាំបន្ថែមទៀតថា សមត្ថកិច្ចទាំងអស់ត្រូវបង្ក្រាបការលួចឆ្លងដែនចូលមករស់នៅដោយខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ហើយរាល់ជនបរទេសដែលចូលមករស់នៅដោយខុសច្បាប់ត្រូវតែបណ្តេញចេញតាមច្បាប់របស់ប្រទេស។ ហេតុដូច្នេះសមត្ថកិច្ចនៅតាមព្រំដែន និងស្នងការដ្ឋានគរបាលរាជធានី-ខេត្ត ព្រមទាំងអធិការដ្ឋាននគរបាលស្រុក ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាមព្រំដែនត្រូវក្តាប់គោលដៅឱ្យបានជាប់ដើម្បីអាចឱ្យយើងដឹងថា ក្នុងមូលដ្ឋានរបស់យើង មានជនបរទេសប៉ុន្មាន ដែលរស់នៅស្របច្បាប់ បើរកឃើញមានមិនស្របច្បាប់ត្រូវតែបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមនីតិជាធរមាន និងតាមតួនាទីសិទ្ធិអំណាច៕

ដោយ៖ សិលា


ចែករំលែក៖