ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តមែរសឺដេសក្នុងស្ថានភាពស្រវឹងហើយជ្រុលទៅបុកម៉ូតូហុងដាឌ្រីមដែលជិះគ្នា៣នាក់ពីក្រោយបណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ម្នាក់ ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១១យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃើញម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-0701ជិះគ្នា៣នាក់ (ប្រុសម្នាក់និងស្រី២នាក់) ធ្វើដំណើរតាមបណ្ដោយផ្លូវ ជាតិលេខ១ ក្នុងទិសដៅពីកេីតទៅលិច។ លុះជិះមកដល់ចំណុចកេីតហេតុក៏បានស៊ីញ៉ូភ្លើងបត់ទៅឈប់អែបកៀនជាមួយនឹងមិត្តភក្ដិដែលជិះម៉ូតូផ្សេងទៀត ហើយគាប់ជួនពេលនោះដែរក៏ស្រាប់តែមានបុរសម្នាក់វ័យប្រហែលជាង៥០ឆ្នាំបានបេីករថយន្តមែរសឺដេស C220 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-0705 ក្នុងទិសដៅស្របគ្នានិងស្ថិតក្នុងស្ថានភាពស្រវឹងផងក៏ជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយបណ្ដាលឱ្យនារីម្នាក់ដែលអង្គុយកណ្តាលរងរបួសជេីងខាងស្តាំធ្ងន់ធ្ងរត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកច្បារអំពៅភ្លាមៗ ចំណែក២នាក់ទៀតរងរបួសស្រាល មិនបានទៅមន្ទីរពេទ្យនោះទេ ។
ដោយឡែកខាងរថយន្តវិញបានរងការខូចខាតផែ្នកខាងមុខចំហៀងខាងឆ្វេង តែមិនគ្រោះថ្នាក់ដល់មនុស្សនោះទេ ហើយភ្លាមៗនោះដែរអ្នកបេីកបរបានចុះពីលើរថយន្តរួវឡើងជិះម៉ូតូឡំប្រឺតាថាទៅយកលុយមកដោះស្រាយ ហើយមួយសន្ទុះក្រោយមកក៏ត្រលប់មកវិញ ។
ក្រោយពេលកេីតហេតុដោយសារការសម្របសម្រួលគ្នាមិនត្រូវ ទើបមធ្យោបាយទាំង២គ្រឿងត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ចុះទៅធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីរង់ចាំដំណោះស្រាយជាថ្មីនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ