ព័ត៌មានទាន់ហេតុការណ៍៖

រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  ពេលនេះថ្វីបើធ្វើដំណើរមានចម្ងាយតិវមែន តែគ្រួសារខ្ញុំទាំងអស់គ្មានកម្លាំងកំហែងបន្តដំណើរទៅមុខទៀតឡើយ។ យើងបានប្រជ្រៀតជាមួយហ្វូងមនុស្សប្រុសស្រីដូចស្រមោចដើម្បីរកកន្លែងសម្រាកនិងទទួលទានអាហារដែលវេចខ្ចប់ពីផ្ទះមកស្រាប់។ ក្រោយហូបអាហាររួចម្នាក់ៗ នាំគ្នាក្រាលក្រណាត់ដេកកើយបង្វិចលើស្មៅហើយចោលកន្ទុយភ្នែកសម្លឹងហ្វូងតារាព្រោងព្រាតនៅលើព្ធដ៏វេហាស៍នាខែរនោច។ ខ្ញុំបិទភ្នែកដេកមិនលក់ ចេះតែនឹកស្រមៃមាតុភូមិដ៏អភ័ព្វរបស់ខ្ញុំ ដែលពេលនេះគួរតែទទួលបានសុខសន្តិភាពពេញលេញ ចុះហេតុអ្វីពីសម័យកាលមួយទៅសម័យកាលមួយខ្មែរមិនចុះសម្រុងរួមគ្នាកសាងជាតិដូចប្រទេសជិតខាង? កាលពីពេលថ្ងៃខ្ញុំបានថតជាប់ក្នុងកែវភ្នែកនូវទិដ្ឋភាពក្រុមទាហានខ្មែរក្រហមបាញ់សម្លាប់ទាហានលន់ នល់ ជាជាតិសាសន៍តែមួយគ្មានញញើតដៃ ដែលនេះសបញ្ជាក់ឲ្យដឹងថា សង្គ្រាមខ្មែរនិងខ្មែរមិនទាន់បញ្ចប់នៅឡើយទេ។ ខ្ញុំទើបតែឮ និងមិនយល់នូវពាក្យប្លែកៗ ខ្លះៗ របស់ក្រុមខ្មែរក្រហមយកមកប្រើនៅពេលនេះដូចជាពាក្យថា អង្គការ មិត្ត សមមិត្ត កម្មាភិបាល ឈ្លើយសឹកស្នើ…ជាដើម។ តើមានអត្ថន័យយ៉ាងដូចម្ដេចទៅ ? ដោយសារអស់កម្លាំងខ្លាំងនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ១៩ ខែ មេសាឆ្នាំ ១៩៧៥ ខ្ញុំបិទភ្នែកដេកលង់លក់ក្បែរគ្រួសារប្រជាជនទូទៅដែលដេកជិតគ្នាជាមួយគ្រួសារខ្ញុំរាប់រយរាប់ពាន់នាក់។

  លុះពេលព្រលឹមស្រាងៗ គ្រួសារខ្ញុំនាំគ្នាក្រោកពីដំណេកដើម្បីបន្តដំណើរទៅស្រុកកំណើតឯខេត្តព្រៃវែងតាមការកំណត់របស់អង្គការថា” អ្នកណាមានស្រុកកំណើតនៅឯណា ត្រូវទៅទីនោះព្រោះអង្គការនៅទីនោះរង់ចាំទទួល។ មិនទាន់បានប៉ុន្មាននាទីផងក្រុមសមមិត្តអាវខ្មៅទាញកាំភ្លើងបាញ់រះឡើងលើនិងស្រែកខ្លាំងៗថា ពុកម៉ែ! បងប្អូន ស្នើសុំចេញដំណើរទៅមុខទៀត កុំនៅយូរអាមេរិកាំងមកទម្លាក់គ្រាប់បែកស្លាប់ទាំងអស់គ្នាឥឡូវហើយ ចេញ! ប្រញាប់ចេញ! ឱ្យលឿនឡើង! ។ ដោយយល់ឃើញថា ប្រជាជនរាប់ពាន់នាក់ ដេកនៅទីនេះកំំពុងនាំគ្នាក្រោករៀបចេញដំណើរបន្តទៅមុខទៀតទៅហើយ ប្លែកតែបុរសមាឌធំម្នាក់ដេកក្បែរខ្ញុំចម្ងាយប្រមាណជាងមួយម៉ែត្រមិនព្រមកម្រើកក្រោកសោះ ខ្ញុំក៏បានយកដៃទៅអង្រួនដាស់គាត់ឲ្យក្រោកដើម្បីបន្តដំណើរទៅមុខទៀតដូចជាឯង។ តែអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ដូចគេចោលនោះ គឺបុរសនេះជាសាកសពរឹងដូចគល់ឈើរបស់ទាហាន លន់ នល់ ដែលទាហានខ្មែរក្រហមបាញ់សម្លាប់កាលពីព្រលប់សោះ។ គ្រួសារខ្ញុំហួសចិត្តនិងតក់ស្លុតខ្លាំងណាស់ក៏ប្រញាប់រៀបចំចាកចេញពីទីនេះជាមួយមនុស្សណែនណាន់តាន់តាប់។ ម្ដងនេះគ្រួសារខ្ញុំបានចោលបង្វិចមិនបានការខ្លះៗកុំឲ្យធ្ងន់ ដើម្បីយកកង់កញ្ចាស់មកដឹកលោកឪពុកពិការម្ដង។ ធ្វើដំណើរបានពីរយប់ គ្រួសារខ្ញុំបានមកដល់ផ្លូវបំបែកផ្លូវជាតិលេខ ៣ ក៏បន្តដំណើរតាមផ្លូវរទេះភ្លើងទៅកាន់ស្រុកព្រៃកប្បាសខេត្តតាកែវដើម្បីឆ្ពោះទៅកាន់ខេត្តព្រៃវែង(ភូមិភាគបូព៌ា)ដោយឆ្លងកាត់ស្រុកកោះធំ សំដៅទៅកំពង់ចម្លងអ្នកលឿង។ ខណៈដែលគ្រួសារខ្ញុំនិងអ្នកឯទៀតធ្វើដំណើរមកដល់ផ្លូវរទេះភ្លើងផ្លូវជាតិលេខ ៣ នាវេលាម៉ោង៧យប់ ស្រាប់តែមានទាហានខ្មែរក្រហមមួយក្រុមមានវ័យប្រមាណ ១៤ ទៅ ១៥ ឆ្នាំកាន់កាំភ្លើងនៅគ្រប់ដៃ បានមកចេញមកស្ទាក់ពីមុខ ដើម្បីឲ្យឈប់ស្រង់ស្ថិតិ និងឆែកឆេរក្នុងបង្វិចក្រែងមានលាក់អាវុធ។ ពួកគេប្រាប់ថាសួរអីឆ្លើយហ្នឹង! កុំលាក់នឹងអង្គការ បើធ្វើមន្ត្រីរាជការ ឬធ្វើទាហាន ប្រាប់ឲ្យត្រង់ស្រួលអង្គការឱ្យទៅធ្វើការនៅកន្លែងដើមវិញ។ តែបើពុកម៉ែបងប្អូនសមមិត្តណា កុហកអង្គការ ក៏លាក់មិនជិតដែរ ព្រោះអង្គការមានភ្នែកម្នាស់។ ពួកយើងស្រឡាំងកាំងម្ដងទៀត ក៏ប្រគល់បង្វិចឱ្យក្រុមទាហានអាវខ្មៅឆែកឆេរ និងរាយការណ៍ប្រាប់ថាគ្រួសារខ្ញុំជាកម្មករ ខ្លះជាសិស្ស និស្សិតនិងគ្រូបង្រៀនទេ។ គ្រាន់តែឮថាធ្វើគ្រូបង្រៀនទាហានអាវខ្មៅឲ្យគ្រួសារខ្ញុំនៅឈរម្ដុំជាមួយពួកជាប់និន្នាការទាហាន លន់ នល់ រាប់រយនាក់។ពួកគេភ្លាត់មាត់ថា ពួកខ្មាំងនៅឈរម្ដុំសិន។ ពេលឮថាខ្មាំងគ្រួសារខ្ញុំនាំគ្នាធ្លាក់ថ្លើមក្ឌុក ព្រោះគិតថាពេលនេះលែងបានទៅដល់ស្រុកកំណើតហើយ។ បានប្រមាណជាងកន្លះម៉ោង ទាហានខ្មែរក្រហមបានយកចំណងមកចងស្លាបសេកអ្នកមាននិន្នាការទាហាន លន់ នល់ រាប់រយនាក់បណ្ដើរជាជួរតាមថ្នល់រថភ្លើងទៅទិសខាងត្បូង ក្នុងនោះមានសមាជិកគ្រួសារខ្ញុំផងដែរ តែទាហានអាវខ្មៅមិនចងដោយចំណងទេ។ ឪពុកខ្ញុំឃើញដូច្នេះគាត់មានចម្ងល់ក៏សួរថា តើចៅបណ្តើរពួកខ្ញុំទៅណា? ពួកគេប្រាប់យ៉ាងខ្លីថាអង្គការថ្នាក់លើឱ្យយកទៅរៀនសូត្រ។ កាន់តែមានចម្ងល់ថែមទៀតឪពុកខ្ញុំសួរថាអង្គការជានរណាទៅ? តើរៀនសូត្រអំពីអ្វី? ទាហានខ្មែរក្រហមម្នាក់ដែលបណ្តើរគ្រួសារខ្ញុំនៅក្រោយគេឆ្លើយថាបន្តិចទៀតដឹងហើយ។

(នៅមានត)

ពិនិត្យនិងស្រាវជ្រាវដោយ÷ ចៅតាជេត


ចែករំលែក៖