ព័ត៌មានទាន់ហេតុការណ៍៖

គូប្រជែង Manchester City និង Liverpool បានត្រឹមស្មើគ្នា២ទល់២ក្នុងសប្តាហ៍ទី៣១នៅ Premier League

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះមេឃខៀវ Manchester City បាន រក្សាបានមួយពិន្ទុឈរកំពូលតារាង Premier League ដដែល ក្រោយពីក្រុមនេះបានប្រកួតស្មើជាមួយនឹងគូប្រជែងជិតបំផុតគឺហង្សក្រហម Liverpool នៅកីឡដ្ឋាន Etihad ក្នុងលទ្ធផល២ទល់២កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសានេះ។

ការជួបគ្នារវាងភាគីក្រុមឆ្នើមទាំងពីរនេះគឺជាការប្រជែងគ្នាដើម្បីដណ្តើមយកកំពូលតារាង និងឈានទៅដណ្តើមជើងឯកលីគកំពូលអង់គ្លេសផងដែរ ខណៈដែលការប្រកួតមាន៧ប្រកួតទៀតនឹងចប់រដូវកាល។ Man City បាននាំមុខ១គ្រាប់មុននៅតង់ទី១ ក្នុងនាទីទី៥ ដែលជាការស៊ុតបាល់បញ្ចូលទីដោយកីឡាករ Kevin de Bruyne ប៉ុន្តែ Liverpool បានរក១គ្រាប់តាមស្មើវិញនៅនាទីទី១៣ ដោយកីឡាករ Diogo Jota ពីការបញ្ចូលបាល់របស់ខ្សែការពារស្លាប Trent Alexander-Arnold ។

ក្រុមរបស់លោក Pep Guardiola បានគ្រប់គ្រងការនាំមុខដ៏អស្ចារ្យក្នុងរយៈពេល៤៥នាទីដំបូង ប៉ុន្តែនៅតែមិនអាចនាំមុខបានយូរ ដោយកីឡាករ Gabriel Jesus រកបានគ្រាប់ទី២ឲ្យ Man City នៅនាទីទី៣៦ ហើយការនាំមុខនេះបានបន្តរហូតដល់ចប់តង់ទី១។ ចូលដល់តង់ទី២ ក្រុម Liverpool បានព្យាយាមដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះ ដោយមិនយូរប៉ុន្មានខ្សែប្រយុទ្ធ Sadio Mane បានស៊ុត​បាល់​បញ្ចូល​ទី​១គ្រាប់តាមស្មើវិញនៅនាទីទី៤៧ ពី​ការ​បញ្ជូន​បាល់​ដ៏​ល្អ​របស់ Mohamed Salah។

លទ្ធផលនេះបានធ្វើឲ្យក្រុមរបស់លោក Pep Guardiola អាចរក្សាគម្លាតត្រឹម១ពិន្ទុពីក្រុម Liverpool ដោយមាន៧៤ពិន្ទុ ខណៈហង្សក្រហមឈរលេខ២មាន៧៣ពិន្ទុ។ លទ្ធផលសើ្មគ្នានេះបានធ្វើឲ្យក្រុមទាំង២នៅតែមិនទាន់ស្គាល់រសជាតិចាញ់នៅឡើយទេក្នុង៧ប្រកួតចុងក្រោយ។

ការប្រកួតបន្ទាប់របស់ក្រុមទាំង២គឺក្រុមមេឃខៀវ Manchester City នឹងត្រូវប៉ះក្រុម Liverpool ម្តងទៀតក្នុងការប្រកួតពានរង្វាន់ FA Cup នៅថ្ងៃទី១៦ ខែមេសា ក្រោយពេលក្រុមMan Cityប្រកួតជើងទី២ជាមួយក្រុម Atletico Madrid។ ចំណែកក្រុមហង្សក្រហមនឹងត្រូវប៉ះក្រុម Benfica នៅថ្ងៃទី១៤ មេសាខាងមុខក្នុងការប្រកួតជើងទី២ Champions League មុនពេលប៉ះ Man City ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖