ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមនិស្សិតឥណ្ឌូនេស៊ីដង្ហែក្បួនបាតុកម្មនៅទូទាំងប្រទេស

ចែករំលែក៖

មានបាតុកម្មប្រមាណ១០០០កន្លែងនៅទូទាំងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១១ខែមេសា ដើម្បីស្នើដល់រដ្ឋាភិបាលត្រូវតែស្តាប់តាមការចង់បានរបស់ប្រជាពលរដ្ឋគ្រប់ វណ្ណៈ ។ សមាគមនិស្សិតឥណ្ឌូនេស៊ី(BEM SI) បានដាក់លិខិតសុំធ្វើបាតុកម្មទៅកាន់ស្នងការប៉ូលិសដោយសន្យាថានឹងគោរពទៅតាមច្បាប់ និងបាតុកម្មដោយសន្តិភាព។
សារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ បានផ្សាយថា កន្លងក ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) កាលពីថ្ងៃ១០ខែមេសា បានបដិសេធថា រដ្ឋបាលរបស់លោកមិនមានបំណងពន្យារពេលការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ នោះទេ បន្ទាប់ពីក្រុមអ្នកនយោបាយជាន់ខ្ពស់ រួមទាំងសម្ព័ន្ធមិត្ត ជិតស្និទ្ធរបស់លោកបានគាំទ្រលើគំនិត នៃការបន្តតំណែងរបស់លោកលើសពីអាណត្តិស្របច្បាប់ចំនួន២អាណត្តិ។
សេចក្តីថ្លែងការណ៍របស់លោក វីដូដូ បានកើតឡើងមួយថ្ងៃមុនពេលក្រុមនិស្សិត គ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅក្នុងរដ្ឋធានីហ្សាការតា (Jakarta) និងទីក្រុងមួយចំនួនទៀត ដើម្បីប្រឆាំងនឹងផែនការដែលគេចោទប្រកាន់ថា អាចគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។ ការតវ៉ា របស់ក្រុមនិស្សិតនៅប្រទេសឥណ្ឌូណេស៊ី ជាញឹកញាប់អាចបង្កជាហិង្សា។
ក្នុងកំលុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីការរៀបចំសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ លោក វីដូដូ បានបញ្ជាឱ្យ រដ្ឋមន្ត្រីរបស់លោកពន្យល់ជាសាធារណៈថា គ្រប់ដំណាក់កាល និងកាលវិភាគសម្រាប់ការបោះឆ្នោតត្រូវបានកំណត់រួចរាល់ហើយ។
លោក វីដូដូ បាននិយាយនៅក្នុងសេចក្តីអធិប្បាយដែលចេញផ្សាយដោយការិយាល័យរបស់គាត់ថា «នេះចាំបាច់ត្រូវពន្យល់ដើម្បីកុំឱ្យមាន ពាក្យចចាមអារ៉ាម ដែលផ្សព្វផ្សាយក្នុងចំណោមប្រជាជនថា រដ្ឋាភិបាលកំពុងព្យាយាមពន្យារពេលការបោះឆ្នោត ឬការប៉ាន់ស្មានអំពីការបន្ត អាណត្តិប្រធានាធិបតី ឬអាណត្តិទីបីដែលពាក់ព័ន្ធ ព្រោះច្បាស់ណាស់ យើងបានយល់ព្រមថាការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ»។

ឥស្សរជនដ៏មានឥទ្ធិពល រួមទាំងរដ្ឋមន្ត្រីនៃជួរគណៈរដ្ឋមន្ត្រី លោក Luhut Binsar Pandjaitan និងលោក Airlangga Hartarto ដែលជាប្រធានគណបក្ស Golka) ក្នុងសម្ព័ន្ធដែលកំពុងកាន់អំណាចបានផ្តល់យោបល់ ថាការបោះឆ្នោតគួរតែត្រូវបានពន្យារពេល។ លោក Pandjaitan ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក វីដូដូ នាពេលថ្មីៗនេះ បានអះអាងថា ទិន្នន័យបានបង្ហាញថា ប្រជាជនឥណ្ឌូណេស៊ីប្រហែល ១១០លាននាក់គាំទ្រការពន្យារពេលនៃការបោះឆ្នោត៕

ដោយ៖ ធីរីណា


ចែករំលែក៖