ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម អំពាវនាវឲ្យពលរដ្ឋរួមគ្នាថែរក្សាការពារសន្តិភាព ដ្បិតកម្ពុជារកបានសន្តិភាពដោយលំបាកបំផុត

ចែករំលែក៖

ខេត្តព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាការពារសន្តិភាពឲ្យបាន ដ្បិតថា សមិទ្ធផលជាតិដែលកើតមានឡើងជាបន្តបន្ទាប់ដូចដែលប្រជាពលរដ្ឋឃើញសព្វថ្ងៃ គឺបានមកដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាព ដែលធ្វើឱ្យសេដ្ឋកិច្ច និងសង្គមរីកចំរើន។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ឲ្យដឹងទៀតថា ឱកាសដែលកម្ពុជាមានសព្វថ្ងៃនេះ មិនមែនបានមកដោយងាយៗនោះទេ ដ្បិតកម្ពុជាឆ្លងកាត់ការលំបាកច្រើនណាស់ទម្រាំអាចកសាងបានសុខសន្តិភាពដូចពេលនេះ និងបានចំណាយពេលវេលារាប់សិបឆ្នាំ ចំណាយសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិតមនុស្សជាច្រើននាក់ ទម្រាំងអាចឈានមកដល់ដំណាក់កាលដូចបច្ចុប្បន្ន។ សម្ដេចបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាពជាបន្តទៀត។ សម្តេច ស ខេង លើកឡើងដូច្នេះ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធសមិទ្ធផលនានានៅវត្តពោធិគុម្ព ហៅវត្តជ្រៃមាន់ ស្ថិតក្នុងភូមិជ្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

សម្ដេចបានបន្តថា មានកិច្ចការច្រើនដែលត្រូវធ្វើដើម្បីថែរក្សាការពារសុខសន្តិភាព ក្នុងនោះក៏មានកិច្ចការដែលបានធ្វើជាបន្តបន្ទាប់មកហើយដែរ ដូចជាការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ កសាងប្រព័ន្ធយុត្តិធម៌សង្គម និងការបង្កើតបរិយាសឱ្យប្រជាពលរដ្ឋទទួលបានផលពីការអភិវឌ្ឍដូចជា ជាការខិតខំឱ្យកូនចៅប្រជាពលរដ្ឋមានឱកាសទទួលបានការអប់រំស្មើៗគ្នា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញជាដើម។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា ការខិតខំស្ថាបនាផ្លូវស្ពានគ្រប់មូលដ្ឋានប្រជាពលរដ្ឋនេះក៏ជាផ្នែកមួយនៃការការពារសុខសន្តិភាពដែរ។ សម្ដេចបន្តថាគោលដៅរាជរដ្ឋាភិបាល ធ្វើយ៉ាងណាត្រូវធ្វើផ្លូវបេតុង ឬផ្លូវកៅស៊ូឱ្យដល់ភូមិ ដល់ផ្ទះប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។ សម្ដេចបន្ថែមថា មកដល់បច្ចុប្បន្ន កម្ពុជាកំពុងធ្វើដំណើរជិតដល់គោលដៅនេះហើយ ដ្បិតបើធៀបនឹងស្ថានភាពពីមុន គោលដៅនេះនៅមិនទាន់មើលឃើញកោះត្រើយនោះទេ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់អំពីលទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាសម្រេចបានប្រកបដោយវឌ្ឍនភាព បើធៀបនឹងបណ្ដាប្រទេសជាច្រើនលើពិភពលោក។ សម្ដេចបន្ថែមថាជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ-១៩នេះ បានធ្វើឱ្យកម្ពុជាអាចបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ដែលជាបច្ច័យល្អដល់ការរីកចំរើន រួមទាំងជីវភាពប្រជាពលរដ្ឋ។

ភ្ជាប់ទៅនឹងរដូវកាលចូលឆ្នាំថ្មីនេះដែរ សម្ដេចក្រឡាហោមបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ ពីព្រោះជាមធ្យមមានមនុស្សស្លាប់ចំនួន ៥នាក់រាល់ថ្ងៃ ហើយអាចមានកំណើនថែមទៀតផងនៅក្នុងឱកាសនៃការធ្វើចរាចរណ៍ក្នុងពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីនេះជាដើម។ សម្ដេចក៏អំពាវនាវឱ្យចៀសវាងការបង្កហិង្សាដាក់គ្នាក្នុងពេលជួបជុំ ដូចជាការរាំងលេងកំសាន្ត និងទទួលទានគ្រឿងស្រវឹងជាដើម។

សម្ដេចក៏បានអំពាវនាវអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងបន្តចូលរួមបង្កាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្តទៀត ទោះបីស្ថានភាពជំងឺមានភាពធូរស្រាលខ្លះក៏ដោយ។ សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋទទួលការវ៉ាក់សាំងឱ្យបានទៀងទាត់តាមការណាត់របស់ក្រុមគ្រូពេទ្យ ដ្បិតវ៉ាក់សាំងនេះជាបង្អែកដ៏រឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍អំពីការវិវត្តន៍ជាវិជ្ជមាននៃស្ថានការណ៍នយោបាយនៅកម្ពុជា ដ្បិតប្រជាពលរដ្ឋ និងអ្នកនយោបាយមានការយល់ដឹងច្រើនជាងមុន មានភាពចាស់ទុំជាងមុនផ្នែកនយោបាយ ដោយមិនមានការបង្កហិង្សា ឬការបង្កើតសត្រូវស្លាប់រស់នៅតាមមូលដ្ឋានដោយសារតែនិន្នាការនយោបាយ ដែលខុសឆ្ងាយបើធៀបនឹងពេលបោះឆ្នោតដំបូងៗនៅកម្ពុជា។

ពាក់ព័ន្ធនឹងការបោះឆ្នោតឃុំ សង្កាត់ខាងមុខនេះដែរ សម្ដេចក្រឡាហោម ក៏បានអំពាវនាវអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ពិសេសកម្លាំងរក្សាសន្តិសុខសម្រាប់ការបោះ ឆ្នោត សូមរួមគ្នាគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ ឱ្យទទួលបានជោគជ័យ ដើម្បីរួមចំណែកលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖