UEFA បានសម្រេចថា ក្លិប Atletico Madrid ត្រូវតែបិទផ្នែកខ្លះនៃកីឡដ្ឋានរបស់ពួកគេសម្រាប់ការប្រកួតជើងទី២វគ្គ៨ក្រុមចុងក្រោយ Champions League ទល់នឹងក្រុម Manchester City នៅរាត្រីថ្ងៃពុធ ទី១៣ ខែមេសានេះ។
ម្ចាស់ជើងឯកអេស្ប៉ាញត្រូវតែបិទយ៉ាងហោចណាស់៥,០០០កៅអីនៅ Wanda Metropolitano ដែលមានសមត្ថភាព៦៨,៤៥៦កៅអី។ ការដាក់ទណ្ឌកម្មរបស់ UEFA គឺសម្រាប់ “អាកប្បកិរិយារើសអើង” របស់អ្នកគាំទ្រ Atletico Madrid ក្នុងការប្រកួតជើងទី១កាលពីសប្តាហ៍មុននៅទីក្រុង Manchester ដែល Man City ឈ្នះ១ទល់០។
ក្រុម Atletico Madrid ក៏នឹងត្រូវបង្ហាញបដា UEFA ដែលអានថា “#NoToRacism” មានន័យថា “គ្មានការរើសអើងជាតិសាសន៍”។ ទន្ទឹមនឹងនេះ UEFA បានផ្អាកបណ្ដោះអាសន្នគ្រូបង្វឹកអ្នកចាំទី Roma លោក Nuno Santos និងគ្រូបង្វឹកក្រុម Bodo/Glimt លោក Kjetil Knutsenខណៈដែលពួកគេស៊ើបអង្កេតការចោទប្រកាន់រវាងអ្នកទាំង២ បន្ទាប់ពីការប្រកួត Europa Conference League កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
ក្រុម Bodo/Glimt បានយកឈ្នះ ២-១ លើក្រុម Roma របស់លោក Jose Mourinho ក្នុងការប្រកួតជើងទីមួយនៃវគ្គ១/៤ផ្តាច់ព្រ័ត្រ ពានរង្វាន់ Europa Conference League។ ជាមួយគ្នានេះក្លិបន័រវេសមួយនេះបានចេញសេចក្តីថ្លែងការណ៍មួយដែលបានបញ្ជាក់ថា ពួកគេមានភស្តុតាងជាវីដេអូដែលថា គ្រូបង្វឹកលោក Knutsen ត្រូវបានវាយប្រហារដោយសមាជិកក្រុមជំនួយរបស់ Roma រួមទាំងក្រុម Santos ផងដែរ។
ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ UEFA ក្នុងការព្យួរលោកKnutsen គ្រូបង្វឹកក្រុម Bodo/Glimt បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា “យើងមានការភ្ញាក់ផ្អើល និងតក់ស្លុតចំពោះការសម្រេចចិត្តរបស់ UEFA។ យើងនឹងប្តឹងឧទ្ធរណ៍ ហើយនឹងធ្វើការលើវាពេញមួយល្ងាច។ លើសពីនេះទៅទៀត បច្ចុប្បន្ននេះយើងមិនមានមតិយោបល់អ្វីនោះទេ” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)