ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកពីសំណាក់ក្មេងឃ្វាលក្របីបានប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមឈើ ហើយក៏បានរាយការណ៍ទៅអ្នកភូមិនិងសមត្ថកិច្ចមកពិនិត្យសព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥នាទីព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២២ នៅចំណុចភូមិពោធិ៍វង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប។
សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ កែវ ចាន់ថា អាយុ៥៤ឆ្នាំ មុខរបរជាមន្ត្រីនៅក្រសួងសាធារណការនិងដឹកជញ្ជួន រស់នៅភូមិពោធិ៍វង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ។
ក្រោយពីមានសេចក្ដីរាយការណ៍ភ្លាមសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្ត៏រដ្ឋបាលនិងគ្រូពេទ្យបានចុះទៅពិនិត្យសព ហើយសន្និដ្ឋានថា បុរសរងគ្រោះពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនឯងប្រាកដមែន ខណៈក្រុមគ្រួសារអះអាងថា ប្ដីរបស់គាត់មានជំងឺរុំារ៉ៃព្យាបាលមិនធូរស្រាលទើបដាច់ចិត្តចងកសម្លាប់ខ្លួនបែបនេះ។
សូមបញ្ជាក់ថា បុរសដែលស្លាប់បានបន្សល់សំបុត្រមួយច្បាប់ទុកឱ្យប្រពន្ធកូនគួរឱ្យស្រណោះបំផុត។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖យឹម សុថាន