ភ្នំពេញ ៖ នៅវេលាម៉ោង ១០:០០នាទី យាមព្រឹកព្រលឹមនៃថ្ងៃព្រហស្បតិ៍ ១៣កេីត ខែចេត្រ ពុទ្ធសករាជ ២៥៦៥ ផ្ទៃអាកាសមេឃាស្រលះល្អ ជាពេលដ៏នក្ខត្តឫក្ស ចុងចួនមីនរាសី និងមេសរាសីដល់ទីជួបប្រសប់ ឋានសួគ៌កាមា ចាតុម្មហារាជិកាទេវតាមីរជុំច្រេីនដេរដាសទាំងកោដិទេវតា ទេពនិករ បវរកញ្ញា ទាំងឋានមនុស្សលោកកម្ពុជរដ្ឋក៏សុទ្ធសឹងមានចិត្តរំភេីបរីករាយ ទទួលអំណរស្វាគមន៍ឆ្នាំថ្មី ស្វាគមន៍នូវដំណេីរយាងមកដល់នូវទេពធីតាសង្ក្រាន្តមួយព្រះអង្គព្រះនាម #កិរិណីទេវី ដែលជាមគ្គនាយិកា គង់នាចាតុម្មហារាជិកាសួគ៌ អម្ពរព័ណ៌ #ស្លឹកចេកស្រស់ ស៊កសៀតនូវព្រះកាណ៌ដោយផ្កាសួគ៌ #មន្ទារវបុស្ប ប្រដាប់ដោយ #កែវមរកត ភក្សាហារ គឺ #គ្រាប់ធញ្ញជាតិ មានសណ្តែក-ល្ង មានគ្រឿងអាវុធជា #កង្វេរ នៅព្រះហស្ថស្តាំ ព្រមដោយ #កាំភ្លេីង នៅព្រហស្ថឆ្វេង មានយានជំនិះជាគជេន្ទ្រ (ស្តេចដំរី) ទ្រង់យាងចុះមកដោយអាការឈរគន់រំពៃរ៍លៃមេីលសព្វទិសានុទិសទាំងដែនសកលនគរទេវតា និងមនុស្សលោកក្នុងជម្ពូរទ្វីប។
ហែរហមនូវទេព្តា ទេពនិករ មួយសែនកោដិ ហោះនាំយកនូវសិរសាកបិលមហាព្រហ្មពីគុហាកែវ ធម្មមាលី ទៅតាមទេវបវេណី រួចដង្ហែប្រទក្សិណជុំវិញភ្នំព្រះសិនេរុ ជាគម្រប់៦០នាទី រួចយកទៅប្រតិដ្ឋស្ថានទុកនៅកន្លែងដេីមវិញ ស្រេចហេីយក៏បូជាដោយគ្រឿងទិព្វតេជះផ្សេងៗ ស្រេចហេីយទេីបនាំពពួកបរិវារទាំងសែនកោដិចូលទៅស្រោចស្រពជម្រះមន្ទិលសៅហ្មងដល់ផងគ្នាក្នុងអនោត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ជាមាត់គោឧសភរាជ ទាំងប្រាំពីរ ត្រជាក់ត្រជំជាសុខក្សេមក្សាន្តសម្រាន្តជាភយោភាព កាលណាមានព្រះសរីរ:ជម្រះល្អដោយវត្ថុជាទិព្វក្នុងអនោត្តស្រះហេីយ ទេីបត្រឡប់ចូលមកសមាទាននូវសីល ក្នុងភគវតី ជាទីដែលនិមិត្តដោយវិស្សកម្មទេវបុត្រ ដេីម្បីបាននូវឫទ្ធីតេជះបារមី បាននូវសេចក្តីចម្រេីន ប្រកបដោយសន្តិភាពអស់ទាំងពពួកទេវតា និងមនុស្សលោក បាននូវសិរីសួស្តី ជយមង្គលបវរប្រសេីរក្រៃលែងក្នុងឆ្នាំថ្មីដែលនឹងឈានចូលមកដល់។
លុះវេលាជាវារ:ឡេីងស័កឈានដល់ ក៏បានហែរហមអស់ទាំងសែនកោដិទេវតាហោះមកសាទរក្នុងពិធីផ្ទេរនូវតំណែងទេវតាចាស់ ផ្លាស់ទេវតាថ្មី ពោលគឺ #ឆ្នាំឆ្លូវត្រីស័ក ផ្លាស់ចូល #ឆ្នាំខាលចត្វាស័ក នារសៀលថ្ងៃសៅរ៍ ពេញបូរមី តិថី ១៥កេីត ខែចេត្រ ពុទ្ធសករាជ ២៥៦៥ វេលាម៉ោង ១៣:៤៩នាទី:៤៨វិនាទី ក៏ជាពេលដែលត្រូវសាទរដោយពាក្យថា “សួស្តីឆ្នាំថ្មី” សួស្តី ឆ្នាំខាល ចត្វាស័ក មហាសករាជ ១៩៤៤ ចុល្លសករាជ ១៣៨៤។
☆ ថ្ងៃព្រហស្បតិ៍ ទី១៣កេីត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស. ២០២២ វេលាម៉ោង១០:០០នាទីជាថ្ងៃមហាសង្ក្រាន្ត
☆ ថ្ងៃសុក្រ ទី១៤កេីត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស. ២០២២ ជាវារៈវ័នបត
☆ ថ្ងៃសៅរ៍ ទី១៥កេីត ពេញបូណ៌ ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស. ២០២២ វេលាម៉ោង ១៣:៤៩នាទី:៤៨វិនាទី ជាវារៈឡេីងស័ក ចូលមហាសករាជ ១៩៤៤ និង ចុល្លសករាជ ១៣៨៤ ឆ្នាំខាល ចត្វាស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូណ៍ចូលជាសកលឆ្នាំខាលចត្វាស័ក មហាសករាជ ១៩៤៤ ចុល្លសករាជ ១៣៨៤ ៕
រៀបរៀងសម្រួលចុះផ្សាយអត្ថបទដោយ៖ ទេវធីតាសង្ក្រាន្ត