ភ្នំពេញ ៖ ៤៧ ឆ្នាំក្រោយខ្មែរក្រហមឡើងកាន់អំណាច អតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមត្រូវបានរកឃើញថាមានពិរុទ្ធភាពក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ នេះជាការលើកឡើង របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ។
លោក នេត្រ ភក្ត្រា លើកឡើងថា, ៤៧ ឆ្នាំក្រោយខ្មែរក្រហមឡើងកាន់អំណាច អតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមត្រូវបានរកឃើញថាមានពិរុទ្ធភាពក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិពាក់ព័ន្ធនឹងការជម្លៀសប្រជាជនដោយបង្ខំក្នុងសំណុំរឿង ០០២/០១ និងរកឃើញមានពិរុទ្ធភាពក្នុងសំណុំរឿង ០០២/០២ ក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងជនជាតិវៀតណាម ហើយសំណុំរឿងនេះរំពឹងថានឹងប្រកាសសាលដីកាស្ថាពរនៅអំឡុងចុងឆ្នាំ ២០២២ នេះ លើបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាអិបតេយ្យបានប្តឹងជំទាស់នឹងការរកឃើញពិរុទ្ធភាពក្នុងសំណុំរឿង ០០២/០២។
សូមបញ្ជាក់ថា, ៤៧ ឆ្នាំមុន ( ១៧ មេសា ១៩៧៥-១៧ មេសា ២០២២ ) ខ្មែរក្រហមផ្ដួលរំលំរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ ដែលអាមេរិកគាំទ្រ ហេីយបានបណ្ដេញប្រជាពលរដ្ឋចេញពីភ្នំពេញទៅកាន់ទីជនបទ ។ ទីបំផុតប្រជាពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់រាប់លាននាក់ ។
បច្ចុប្បន្ន សម្ដេចតេជោ ហ៊ុន សែន អតីតជនរងគ្រោះដោយសារសង្គ្រាមបានក្លាយជាស្ថាបនិកសន្តិភាព នាំមកនូវភាពសុខសាន្តជូនប្រជាពលរដ្ឋសំបូរសប្បាយដូចយេីងទាំងអស់គ្នាឃេីញស្រាប់ ។
សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា, ៖ (សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព ! )។ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងបែបនេះនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពេលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងចេញពីទឹកដីខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសង្កត់ធ្ងន់ៗថា សន្តិភាពមានតម្លៃខ្លាំងណាស់ ហើយសូមកុំចាំពេលមានសង្គ្រាមទើបស្រែករកសន្តិភាព។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុន សែន បានលើកឡើងថា សម្ដេចបានដាក់ចិត្តក្នុងការប្ដេជ្ញាការពារនូវសន្តិភាពសម្រាប់ប្រទេសកម្ពុជាដោយសារតែសម្រេចមិនចង់ឃើញយុវជនជំនាន់ក្រោយជួបវាសនាអភ័ព្វដូចសម្ដេចនោះទេ។
ថ្លែងនៅក្នុងពិធីអភិសេករូបសំណាក់ព្រះថោងនាងនាគនៅក្នុង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ បានរំលឹកពីប្រវត្តិនៃការបាត់បង់ភ្នែកម្ខាងរបស់សម្ដេចកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ដោយថាគឺជាសោកនាដកម្មនៃសង្គ្រាមដែលបានធ្វើឲ្យយុវជនដូចសម្ដេចទទួលរងគ្រោះបែបនេះទេ។
សម្ដេចតេជោ ថាការប្ដេជ្ញាការពារសន្តិភាពគឺ ដោយសារមិនចង់ឃើញយុវជនជំនាន់ក្រោយ ជួបវាសនាអភ័ព្វដូចសម្តេច។ សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា៖ «ក្នុងឱកាសដែលខ្ញុំព្រះករុណាខ្ញុំមានឱកាសក្នុងដើម្បីដឹកនាំប្រទេសខ្ញុំព្រះករុណាខ្ញុំប្ដូរផ្ដាច់ដើម្បីដឹកនាំប្រទេសមួយនេះតាមផ្លូវសន្តិភាព។ ស្វែងរកសន្តិភាពជូនប្រជាជនឲ្យខានតែបាន ខ្ញុំមិនចង់ឃើញយុវជន ឬកុមារ មានវាសនាអភ័ព្វដូចខ្ញុំព្រះករុណាខ្ញុំដែលក្លាយខ្លួនជាជនរងគ្រោះនៃសង្គ្រាម»៕ #អរគុណសន្តិភាព
ដោយ៖សុខ ខេមរា