ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋខ្មែរបន្តគាំទ្រ ចូលរួមជាមួយសម្តេចតេជោនិងគណបក្សប្រជាជនកម្ពុជាដើម្បីថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍ

ចែករំលែក៖

ភ្នំពេញ «យើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព ទោះបីជាអ្នកនោះនៅក្នុងគណបក្សណាក៏ដោយចំណុចរួមគ្នា គឺការពារសន្តិភាព» នេះគឺជាការថ្លែងគូសបញ្ជាក់សាជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ពីតម្លៃនៃសន្តិភាពក្នុងឱកាសដែលសម្តេចចូលរួមជាអធិបតីពិធីបដិមាអភិសេក«ព្រះថោង នាងនាគ»នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៦ ខែមេសាឆ្នាំ ២០២២។

សន្តិភាពដែលកម្ពុជាមានសព្វថ្ងៃនេះ រកបានដោយពិបាក ថ្នាក់ដឹកនាំជាតិបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេសនិងប្រជាជន និងបានឆ្លងកាត់នូវស្ថានភាពដ៏លំបាកលំបិន នៃសង្គ្រាមស៊ីវិលពីរដ្ឋប្រហារថ្ងៃទី១៨ ខែមីនាឆ្នាំ ១៩៧០ ទម្រាំនឹងទទួលបានសុខសន្តិភាពពេញលេញនាថ្ងៃទី២៩ ខែធ្នូឆ្នាំ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសក៍ឯក ដោយគ្មានការបង្ហូរឈាម និងសម្រេចបានដោយបាតដៃខ្មែរ។ សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែនគណបក្សប្រជាជនកម្ពុជា ព្រមទាំងពលរដ្ឋខ្មែរបានប្រកាសការពារដាច់ខាតថា ទោះក្នុងតម្លៃណា ក៏ដោយមិនអនុញ្ញាតឱ្យក្រុមជនមួយក្តាប់តូចបំផ្លាញសន្តិភាពដែលរកបានដោយពិបាកនេះបានឡើយ។

កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩ និងក្រោមដំបូលសុខសន្តិភាពរយៈពេលជាង ២២ ឆ្នាំមកនេះ បានខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនចេញពីគំនរផេះផង់ ឈាមនិងទឹកភ្នែកមកជាការលូតលាស់រីកចម្រើននិងមានកំណើនសេដ្ឋកិច្ចខ្លាំងក្លាក្នុងរង្វង់ % ក្នុងរយៈពេល ២០ ឆ្នាំជាប់គ្នាចាកចេញពីភាពក្រីក្រតោកយ៉ាកមកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន និងឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

កម្ពុជាចេញពីប្រទេសដែលមានការបែកបាក់ជាតិ បែងចែកជាច្រើនភាគីកម្លាំងប្រដាប់អាវុធមកជាការបង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី និងមានរាជរដ្ឋាភិបាលតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ និងរស់នៅក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រតែមួយ។ ជាមួយសុខសន្តិភាពពេញ លេញនេះកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានកសាងសមត្ថភាពធនធានមនុស្សគ្រប់ផ្នែក កសាងមោទកភាពជាតិនៅលើឆាកអន្តរជាតិ និងមានតួនាទីស្មើសិទ្ធិ និងស្មើភាពជាមួយបណ្តាប្រទេសនានានៅលើពិភពលោក និងជាពិសេសកម្ពុជាក្រោមសម័យតេជោសន្តិភាពបានប្រែក្លាយពីកម្ពុជា ដែលទទួលកងទ័ពមួកខៀវមកជាប្រទេសដែលបានចូលរួមយ៉ាងសំខាន់ក្នុងការផ្តល់កងកម្លាំងមួកខៀវចូលរួមថែរក្សាសន្តិភាពនៅបណ្តាប្រទេសមួយចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ នេះគឺជាសមិទ្ធផលដែលកើតចេញពីសុខសន្តិភាព មិនមែនកើតក្រោមភ្នក់ភ្លើងសង្គ្រាមទេ។

ដោយសារតែសុខសន្តិភាព និងការអភិវឌ្ឍឆាប់រហ័សបានផ្តល់ឱកាសដល់កម្ពុជាអាចធ្វើអ្វីៗបានទាំងអស់ជាពិសេសឱកាស នៃការស្តារនិងកសាងជាតិឡើងវិញ ក្នុងនោះរួមទាំងការអនុវត្តសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពនៃការបញ្ចេញមតិផងដែរ ព្រោះទាំងអស់នេះមិនអាចកើតឡើងក្នុងប្រទេស ដែលមានសង្គ្រាមនិងអស្ថេរភាពបានឡើយ។ ជាក់ស្តែងជាងនេះប្រសិនបើគ្មានសុខសន្តិភាពទេកម្ពុជាមិនអាចប្រារព្ធពិធីបុណ្យនានាបានឡើយ រួមទាំងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅពេលនេះហើយប្រជាពលរដ្ឋខ្មែរក៏មិនអាចធ្វើដំណើរកម្សាន្តនៅគ្រប់ទិសទីក្នុងប្រទេសកម្ពុជាឡើយដោយគ្មានការភ័យខ្លាចឡើយ។ បើគ្មានសន្តិភាពទេ ម៉្លេះសមិទ្ធផលជាច្រើនដែលកំពុងបង្ហាញខ្លួននៅគ្រប់ទិសទីនៃប្រទេសកម្ពុជាមិនអាចកើតឡើងបានឡើយ។

សមិទ្ធផលដែលកើត ឡើងនេះបាននិងកំពុងផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្រាសក្រែលដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ អ្វីៗ ដែលពលរដ្ឋមានសព្វថ្ងៃគឺជាផ្លែផ្កានៃសុខសន្តិភាពយ៉ាងពិតប្រាកដដែល យើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារសន្តិភាពដែលមាននៅ លើទឹកដីកម្ពុជាយើងនេះ ហើយប្រឆាំងដាច់ខាតចំពោះក្រុមជនទាំង ឡាយដែលព្យាយាមបំផ្លាញសន្តិភាពកម្ពុជា ក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយបរទេស។ ជម្លោះភូមិសាស្ត្រនយោបាយដែលកម្ពុជាធ្លាប់ឆ្លងកាត់ឆ្អែតឆ្អន់ហើយ កាលពីអតីតកាលដែលបាននាំកម្ពុជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមក្នុងតំបន់ និងឆាប់ឆេះជាសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ បំផកលិចបំផ្លាញជាតិ និងបានធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ពលរដ្ឋជាច្រើនលាននាក់ត្រូវបានសម្លាប់ដោយអយុត្តិធម៌ និងអមនុស្សធម៌បំផុត។

សន្តិភាពពិតជាមានតម្លៃខ្លាំងណាស់ សន្តិភាពមានតម្លៃជាអា យុជីវិតមនុស្សទ្រព្យសម្បត្តិ និងសុភមង្គលសុខដុមរមនា។ ដោយសារតែកម្ពុជាមានសុខសន្តិភាព ទើបពលរដ្ឋនៅកម្ពុជា មានឱកាសលេងល្បែងប្រជាប្រិយគ្រប់ប្រភេទដោយសំ ណើចក្អាកក្អាយ។ ប៉ុន្តែនៅឯមួយចំហៀងទៀតនៃពិភពលោក គឺក្នុងប្រទេសអ៊ុយក្រែន ក្នុងពេលជាមួយគ្នានេះ ប្រទេសស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាម ពលរដ្ឋជាច្រើនលាននាក់រត់ភៀសខ្លួនចេញពីប្រទេសប្រទេសទាំងមូលត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីដោយសារតែគ្រាប់កាំភ្លើងគ្រប់ប្រភេទ ពលរដ្ឋជាច្រើនរយពាន់នាក់បានស្លាប់បាត់បង់ជីវិត។

នៅចំពោះមុខនៃការបំផ្លិចបំផ្លាញដ៏សម្បើមទាំងជីវិតមនុស្សនិងសម្ភារដែលខ្លួនមិននឹក ស្មានដល់នេះប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវសុំឱ្យមានសន្តិភាពក្នុងប្រទេសនេះឡើងវិញ ក្រោយការប្រយុទ្ធគ្នាជាមួយកងទ័ពរុស្ស៊ីដែលរហូតមកទល់ពេលនេះមិនទាន់បញ្ចប់នៅឡើយ ហើយបស្ចឹមប្រទេសដឹកនាំដោយសហរដ្ឋអាម៉េរិក រួមនឹងក្រុមប្រទេសសមាជិកអង្គការណាតូបាននឹងកំពុងផ្តល់ជំនួយយោធាដល់អ៊ុយក្រែនឱ្យបន្តប្រយុទ្ធទៅទៀត ខណៈរុស្ស៊ីបានបញ្ជូនកំណត់ទូតតវ៉ាទៅសហរដ្ឋអាម៉េរិកនិងអង្គការណាតូថាដូចជាចាក់សាំងលើភ្លើង និងព្រមានពីផលវិភាគមិននឹកស្មានដល់។ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយបស្ចឹមប្រទេសជួយបំពងព័ត៌មានក្លែងក្លាយច្រើនពីសង្គ្រាមនៅអ៊ុយក្រែន ដោយពិពណ៌នាការខូចខាតច្រើនរបស់ទាហានរុស្ស៊ីដែលជាសង្គ្រាមចិត្តសាស្ត្របំបាក់ទឹកចិត្តរុស្ស៊ី និងធ្វើឱ្យរុស្ស៊ីឯកោតាមរយៈការព្រួតគ្នាដាក់ទណ្ឌកម្ម តែរូបភាពពិតនៃលទ្ធផលសង្គ្រាម ក្នុងប្រទេសអ៊ុយក្រែនបានបង្ហាញពីការខូចខាតយ៉ាងធំធេង និងមានតម្លៃឥតគណនាបានដែលអ៊ុយក្រែនត្រូវតែបង់ខាតក្នុងការកសាងប្រទេសឡើងវិញ ខណៈប្រទេសទាំងមូលស្ទើរតែខ្លោចទាំងស្រុងដោយភ្លើងឆេះរោល។ ពេលនេះពិភពលោកកាន់តែមើលឃើញច្បាស់ថាតើសន្តិភាពពិតជាមានតម្លៃខ្លាំងប៉ុនណា ហើយកាន់តែធ្វើឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ថាការជ្រើសរើស មេដឹកនាំប្រទេសដែលមានភាពចាស់ទុំនយោបាយ ពោរពេញដោយបទពិសោធដឹកនាំប្រទេស មានចក្ខុវិស័យច្បាស់លាស់ មាននយោបាយការទូតត្រឹមត្រូវ និងមិនលង់ក្នុងការញុះញង់ និងលោតតាមខ្សែញាក់របស់បរទេសដែលបង្កប់ដោយផលប្រយោជន៍ភូមិសាស្ត្រនយោបាយគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការថែរក្សាសុខសន្តិភាពរបស់ប្រទេសឱ្យកាន់តែរឹងមាំ ផ្តល់នូវសេចក្តីសុខជូនពលរដ្ឋខ្លួន។សង្គ្រាមអាចបំផ្ទុះឡើងតែក្នុងមួយបិនាទី តែត្រូវការរយៈពេលរាប់សិបឆ្នាំដើម្បីពន្លត់វាមកវិញ និងត្រូវការពេលច្រើនដងដើម្បីកសាងប្រទេសដែលខូចខាតឱ្យមកស្មើដើមវិញ។

ជារួម មានសន្តិភាព យើងអាចធ្វើអ្វីបានទាំងអស់ ហើយបើគ្មានសន្តិភាពទេយើងនឹងបាត់បង់ឱកាសទាំងអស់។ ដូច្នេះមាន តែសន្តិភាពតែប៉ុណ្ណោះដែលមានតម្លៃ ហើយគេមិនអាចជ្រើសរើសយកផ្លូវសង្គ្រាមដើម្បីកសាងជាតិឡើយ។ សង្គ្រាម បានបន្សល់ទុកនូវក្មេងកំព្រា ការនិរាសព្រាត់ប្រាស់ ការបំផ្លិចបំផ្លាញសព្វបែបយ៉ាងទាំងអស់។ អ្វីដែលយើងទាំងអស់គ្នាជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋានត្រូវធ្វើនៅគ្រប់កាលៈទេសៈទាំងអស់គឺត្រូវការពារឱ្យបានដាច់ខាតសន្តិភាពដែលកម្ពុជាមានពេលបច្ចុប្បន្ននេះ ឱ្យស្ថិតស្ថេរគង់វង្សជាយូរអង្វែងទៅមុខទៀត ហើយបន្តគាំទ្រសម្តេចតេជោនិងគណបក្សប្រជាជនកម្ពុជាដើម្បីបន្តនិរន្តរភាពដឹកនាំប្រទេស ការពារសុខសន្តិភាព និងបង្កើនល្បឿនអភិវឌ្ឍជាតិឆ្ពោះទៅមុខជានិច្ច។ សន្តិភាពដែលកម្ពុជាមានរយៈពេលជាង ២០ ឆ្នាំមកនេះ ទើបតែមានក្នុងរយៈពេលជាង៥០០ ឆ្នាំនៃប្រវត្តិសាស្ត្រកម្ពុជាចុងក្រោយនេះ។ ដូច្នេះចាំបាច់ណាស់ ដែលយើងទាំងអស់គ្នាត្រូវចូលរួមក្នុងការការពារសន្តិភាពឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ការបំផ្លាញ់សន្តិភាពស្រួលបំផុត តែការកសាងសន្តិភាពទើបពិបាកខ្លាំងបំផុត។ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពកម្ពុជា បានមានប្រសាសន៍ក្រើនរំឭកថា«សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព»

ដោយ៖ ចៅចាក់ស្មុក


ចែករំលែក៖