នាយកប្រតិបត្តិក្លិប Bayern Munich លោក Oliver Kahn បាននិយាយថា “ក្លិបមានបំណងចង់បន្ថែមកុងត្រាដើម្បីធ្វើឱ្យខ្សែប្រយុទ្ធ Robert Lewandowski ចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្តទៀតតាមដែលអាចធ្វើទៅបាន។
កីឡាករជម្រើសជាតិប៉ូឡូញ Lewandowski ដែលបានស៊ុតបញ្ចូលទីបាន៣២គ្រាប់ក្នុងលីគនៅរដូវកាលនេះ និងកំពុងឈានទៅបញ្ចប់ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Bundesliga សម្រាប់រយៈពេល៥ឆ្នាំជាប់គ្នានោះ ត្រូវបានចុះកិច្ចសន្យាជាមួយ Bayern Munich រហូតដល់ឆ្នាំ២០២៣។
លោក Kahn បាននិយាយថា “យើងកំពុងទាក់ទងជាមួយ Robert Lewandowski ហើយចង់ឱ្យគាត់នៅជាមួយ Bayern ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ ជាក់ស្តែង អ្នកខ្លះជឿថាការពិភាក្សា និងការចរចាកិច្ចសន្យាបែបនេះគឺដូចជាការប្រកួតរបស់អ្នកគ្រប់គ្រង ដែលខ្ញុំចង់ឲ្យមាន ហើយបន្ទាប់មកគាត់បន្តកិច្ចសន្យារបស់គាត់”។
លោកបន្ថែមថា “Robert គឺជាកីឡាករដែលមានសក្តានុពលក្នុងការស៊ុតបញ្ចូលទី៣០គ្រាប់, ៤០គ្រាប់ជារៀងរាល់ឆ្នាំ។ ពិតណាស់នៅចំណុចខ្លះអ្នកលេងបែបនេះទទួលបានគំនិតថា ខ្ញុំបានសំរេចបានអ្វីគ្រប់យ៉ាងនៅទីនេះ និងឈ្នះគ្រប់យ៉ាង។ បន្ទាប់មកវាត្រូវការពេលវេលាដើម្បីបញ្ចុះបញ្ចូលគាត់ឱ្យស្នាក់នៅ” ។
នាយកប្រតិបត្តិក្លិបយក្សអាល្លឺម៉ង់រូបនេះក៏បានរិះគន់ផងដែរចំពោះការរំលោភបំពានតាមអុីនធើណេតដែលទទួលរងដោយគ្រូបង្វឹក Julian Nagelsmann ដែលបាននិយាយថា គាត់បានទទួលការគំរាមកំហែងដល់ជីវិតរាប់រយនាក់បន្ទាប់ពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ក្រុម Bayern Munich។
លោក Kahn បានបញ្ជាក់ថា “អ្នកត្រូវតែអាចទទួលយកការរិះគន់ ហើយដាក់វានៅពីក្រោយអ្នក។ នោះជាផ្នែកមួយ និងជាចំណែកនៃការលេងឱ្យក្លិប Bayern Munich របស់យើង។ ទោះជាយ៉ាងណាក៏ដោយ នៅទីនេះ ព្រំដែនកំពុងត្រូវបានឆ្លងកាត់។ តើមានអ្វីកើតឡើងចំពោះមនុស្សដែលបញ្ជូនការគំរាមកំហែងទៅឱ្យអ្នកដទៃដោយអនាមិក? គ្មានអ្វីកំសាកជាងការបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ និងមើលងាយពួកគេដោយជនអនាមិកនោះទេ”។
បច្ចុប្បន្នក្រុម Bayern Munich ស្ថិតនៅកៀក្នុងការលើកពានលីគកំពូលអាល្លឺម៉ង់ជាលើកទី១០ជាប់គ្នា ដែលក្រុមនេះអាចដណ្តើមបានដោយការយកឈ្នះពិន្ទុលើក្រុមឈរលេខ២ Borussia Dortmund រហូតដល់៩ពិន្ទុក្នុង៣០ប្រកួតដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)