ខេត្តកណ្តាល ៖ លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ត្រូវបាន កោះហៅ លោកផ្កាយ១ ឈ្មោះ អ៊ុល ប៊ុណ្ណា ករណីបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ នេះបើយោងតាមដីកាកោះ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។
ដោយបញ្ជាក់ថា, អញ្ជើញ ៖ ឈ្មោះ អ៊ុល ប៊ុណ្ណា ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរជា ជនសង្ស័យ។
មានទីលំនៅ ៖ ភូមិព្រែកត្រែង សង្កាត់សិល្បៈ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចូលមកកាន់ ៖ អយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង ៣០ នាទីព្រឹក ដើម្បីសាកសួរ ពីដំណើររឿង បំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមពាក្យបណ្តឹងរបស់ឈ្មោះ ប៊ុន ចាន់សុទ្ធា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ ។ សាមីខ្លួន ត្រូវអញ្ជើញតាមដីកាកោះនេះ ឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទង និងរឿង ខាងលើមកជាមួយផង ប្រសិនបើមាន។
សូមរំលឹកថា, លោកឧត្តមសេនីយ៍ត្រី អុល ប៉ុណ្ណា អតីត ស្នងការរង នគរបាលខេត្តកណ្ដាល ដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតវិន័យរបស់កងកម្លាំងនគរបាលជាតិជាលើកទីមួយកន្លងទៅនេះ ពិតជាមានភាពមិនប្រក្រតីជាច្រើនក្នុងការបំពេញការងារ។ ក្នុងនោះក៏បែកធ្លាយថា, សូម្បីតែប្រវត្តិរូបក៏មិនចេះសរសេរផង គឺឲ្យគេសរសេរឱ្យ។ តែបើសរសេររបាយការណ៍ដោយផ្ទាល់ដៃខ្លួនឯងវិញ មួយសន្លឹកស្ទើរតែខុសអក្ខរាវិរុទ្ធរាប់មិនអស់។ ចំណុចនេះគេសង្ស័យថា លោកស្នងការរង រូបនេះមានចំណេះដឹងទាប ប៉ុន្តែមានឱកាសធ្វើការមានតួនាទីធំទៅវិញ ? ហើយនៅក្នុងប្រវត្តិរូប កំរិតវប្បធម៌ ដាក់សុទ្ធតែបរិញ្ញាបត្រជាន់ខ្ពស់! ក្នុងនោះសូម្បីតែការស្លៀកពាក់ឯកសណ្ឋានជានាយនគរបាលជាតិ មិនត្រូវតាមលក្ខណៈ ស្មើនឹងមិនបានចូលសាលា។ កន្លងទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច អនុវត្តវិន័យក្រោមរូបភាព ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ ៦ ១៧៤៣ អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ សាមីខ្លួនដែលមានឈ្មោះ ត្រូវកែប្រែនូវកំហុសឆ្គងឱ្យបានត្រឹមត្រូវ ។ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ។អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋានបុគ្គលិក ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងសាមីខ្លួនដែលមានឈ្មោះខាងលើ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។
សូមបញ្ជាក់ថា, បុគ្គលខាងលើនេះ ធ្លាប់យកឈ្មោះអ្នកធំទៅប្រើប្រាស់ក្នុងជំនួញរកស៊ីដីធ្លី និងរត់ការផ្សេងៗស៊ីដាច់លុយគេទៀតផង និងបានយករថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព ទៅប្រើប្រាស់ជួលឲ្យឯកជន។
ពាក់ព័ន្ធករណីខាងលើ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដោយគ្មានលេខទូរស័ព្ទ៕
ដោយ ៖ សិលា