ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ដល់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះរត់គេចខ្លួនសឹងតែមិនទាន់ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលា៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅផ្លូវមាត់ទន្លេ ខាងជេីងគល់ស្ពានជ្រោយចង្វា ក្នុងភូមិដេីមមៀន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះផងដែរ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានថាបង្កឡើងដោយមូលហេតុអ្វិឱ្យពិតប្រាកដនៅឡើយទេ ។
តាមប្រភពពីម្ចាស់ផ្ទះឈ្មោះ គង់ ស្រីទុំអាយុ៣៩ឆ្នាំបានប្រាប់ឱ្យដឹងថា មុនកេីតហេតុ ក្នុងគ្រួសារគាត់មានសមាជិក០៤នាក់កំពុងសម្រាន្តលង់លក់ក្នុងដំណេកក៏ស្រាប់តែឮសំឡេងផ្ទុះទេីបភ្ញាក់មកឃេីញភ្លេីងឆេះដល់ពូកក្នុងបន្ទប់គេងក្បែរខ្លួនបាត់ទៅហេីយ ។ ភ្លាមៗនោះពួកគាត់បានដាស់សមាជិកគ្រួសារនាំគ្នារត់ចេញពីផ្ទះយករួចខ្លួន និងស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងឱ្យភ្ញាក់ពីដំណេក ។ ប្រភពដដែលបន្តទៀតថា ដោយសារតែភ្លើងឆេះក្នុងផ្ទះខ្លាំងរហូតទប់ទល់លែងឈ្នះ ទេីបបណ្តាលឱ្យឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងលឿន ដែលមានអ្នកខ្លះរត់ចេញពីផ្ទះសឹងតែមិនទាន់ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យចេញមកធ្វើអន្តរាគមន៍ភ្លាមៗផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យជាច្រើនគ្រឿង និងរថយន្តជំជួយផ្សេងៗទៀត បានចេញមកធ្វើអន្តរាគមន៍ និងជួយបាញ់ទឹកពន្លត់អស់ជាច្រើនគ្រឿង ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃទៀត ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។
ក្នុងហេតុការណ៍នេះដែរ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន០៤ខ្នងផ្ទះទាំងស្រុង និងឆ្លងរាលដាលខូចខាតផ្ទះប្រជាពលរដ្ឋអស់០១ខ្នងផ្ទះទៀត ដែលភាគច្រើនជាប្រភេទផ្ទះឈើ ប្រក់ស័ង្កសី និងប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៨គ្រឿង ប្រេីរយៈពេលពន្លត់អស់ជាងកន្លះម៉ោង ទេីបអាចអាចគ្រប់គ្រងស្ថានការណ៍បាន៕
ដោយ ៖ រ៉ារ៉ា