ខេត្តបាត់ដំបង ៖ ក្មេងប្រុសម្នាក់បានលង់ទឹកប្រឡាយបណ្តាលឱ្យស្លាប់ ខណៈដែលឪពុកម្ដាយទុកឱ្យនៅផ្ទះជាមួយសាច់ញាតិហើយចេញទៅក្រៅរកស៊ីបាត់។
ឧប្បត្តិហេតុនេះកើតឡើងនៅវេលាម៉ោង ៤ រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជ្រោយស្ដៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធឿង ម៉េងសែ ភេទប្រុស អាយុ០៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមសាច់ញាតិសពបានឱ្យដឹងថា មុនពេលកើតហេតុឪពុកម្ដាយជនរងគ្រោះបានចេញទៅរកស៊ីខាងក្រៅបាត់ដោយទុកឲ្យកូនប្រុសម្នាក់នេះនៅផ្ទះជាមួយបងប្អូនសាច់ញាតិជិតខាង។ លុះក្រោយមកក្មេងប្រុសរងគ្រោះបានទៅលេងទឹកប្រឡាយក្បែរថ្នល់រទេះភ្លើងតែម្នាក់ឯងដោយគ្មានអ្នកណាដឹងឡើយ។លុះបាត់ក្មេងប្រុសរងគ្រោះយូរមិនឃើញត្រឡប់មកផ្ទះវិញ ទើបសាច់ញាតិនិងអ្នកជិតខាងដើររកគ្រប់ទីកន្លែងក៏ដឹងថា ជនរងគ្រោះបានលង់ទឹកប្រឡាយស្លាប់បាត់ទៅហើយ។ បន្ទាប់មក សាច់ញាតិរបស់សពបានរាយការណ៍ប្រាប់នគរបាលជំនាញចុះមកធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រឡាយប្រាកដមែន។
ក្រោយពីពិនិត្យរួចសមត្ថកិច្ចជំនាញបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ប្រាថ្នា