ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងលោក អូម ប៊ើឡា ( Om Birla) ប្រធានរដ្ឋសភាសាធារណរដ្ឋឥណ្ឌា បានប្តេជ្ញារួមគ្នា នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទាំងក្នុងក្របខណ្ឌទ្វេភាគី និងអន្តរជាតិ។ ប្រធានរដ្ឋសភាកម្ពុជានិងឥណ្ឌា បានប្តេជ្ញាផងដែរ ក្នុងការជំរុញដល់កិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ប្រទេសទាំងពីរឲ្យបានគ្រប់ជ្រុងជ្រោយឡើង។
ការប្តេជ្ញាចិត្តនេះបានធ្វើឡើងអំឡុងពេលដំណើរទស្សនកិច្ចរបស់ លោក អូម ប៊ើឡា នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២២នេះ។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានរៀបចំពិធីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក អូម ប៊ើឡា ជាផ្លូវការយ៉ាងអធិកអធមជាទីបំផុត នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២២ខែមេសានេះ។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគី ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឥណ្ឌា បានសម្តែងក្តីសប្បាយរីករាយជាទីបំផុតចំពោះសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាប្រវត្តិសាស្រ្តនៅក្នុងរយៈពេល៧០ឆ្នាំមកនេះ។ ប្រជាជនកម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ដែលមានវប្បធម៌ ជំនឿ សាសនា ស្រដៀងគ្នា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែង ក្តីសោមនស្សរីករាយជាក្រៃលែង ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក អូម ប៊ើឡា និងគណៈប្រតិភូ នៅព្រះរាជាណាចក្រកម្ពុជា ។ សម្តេចបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភា នាពេលនេះ ពិតជាផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងពង្រីកទំនាក់ ទំនងចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមាំ និងស៊ី ជម្រៅថែមទៀត។
សម្តេចប្រធានរដ្ឋសភាបានជម្រាបគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឥណ្ឌាអំពីស្ថានភាពសេដ្ឋកិច្ច សង្គម នៅកម្ពុជា។ ចំពោះការងាររដ្ឋសភាវិញសម្តេចអគ្គមហាពញាចក្រី បានលើកឡើងថា ចាប់តាំងពីនីតិកាលទី១មក រដ្ឋសភាកម្ពុជា បាននិងកំពុងបន្តពង្រឹង ពង្រីកទំនាក់ទំនងការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី ជាមួយបណ្តាសភានានា នៅក្នុងតំបន់ និងសកលោក សំដៅរួមចំណែកលើកកម្ពស់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងក្របខណ្ឌតំបន់ និងសកលលោក ។ រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជាជាមួយសភាជាង១០០ប្រទេសនៅលើសកលលោក ក្នុងនោះក៏មានរដ្ឋ សភាឥណ្ឌាផងដែរ ក្នុងបំណងជំរុញលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការជាលក្ខណៈទ្វេភាគី ដើម្បីផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
លោក អូម ប៊ើឡា បានគូសបញ្ជាក់ថាតាមរយៈការជួបសន្ទរនាជាទៀងទាត់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរបានធ្វើឲ្យទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជានិងឥណ្ឌាកាន់តែជម្រៅ។ ប្រទេសឥណ្ឌាបានឲ្យតម្លៃជាសំខាន់ចំពោះទំនាក់ទំនងប្រទេសទាំងពីរ។មានគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ឥណ្ឌានៅកម្ពុជា ដូចជាវិស័យសុខាភិបាល កសិកម្ម និងបច្ចេកវិទ្យា ដែលគម្រោងទាំងអស់នោះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។
លោកប្រធានរដ្ឋសភា បានគោរពអញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌានាពេលខាងមុខ។ វត្តមានសម្តេចនៅប្រទេសឥណ្ឌាមានសារសំខាន់ដើម្បីចូលរួមក្នុងវេទិកាអាស៊ាន-ឥណ្ឌាផងនិងក្នុងឱកាសប្រទេសទាំងពីរប្រារព្ធខួបលើកទី៧០នៃចំណងការទូត និងចំពេលដែលឥណ្ឌាប្រារព្ធខូបលើទី៧៥នៃទិវាឯករាជ្យជាតិ ក៏ដូចជាឱកាសម្ពោធអគាររដ្ឋសភាថ្មីផងដែរ។
សម្តេចអគ្គមមហាចក្រី ហេង សំរិន បានទទួលសំណើរបស់គណៈប្រតិភូសភាឥណ្ឌា។ ជាមួយគ្នាសម្តេចបានគោរពអញ្ជើញ គណៈប្រតិភូសភាឥណ្ឌាមកចូលរួមមហាសន្និបាតAIPA លើកទី៤៣ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខ ក្នុងនាមជាសភាសង្កេតការណ៍។
សម្តេចបានស្នើសុំភាគីឥណ្ឌាពន្លឿនដល់ការបង្កើតឲ្យមានកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ បន្តគាំទ្រការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា និងជួយកិច្ចសហការក្នុងការអភិរក្ស និងស្តារបេតិកភណ្ឌ វប្បធម៌ និងជំរុញដល់រដ្ឋាភិបាលឥណ្ឌា អនុវត្តការស្តារបេតិកភណ្ឌប្រាសាទបាយ័ន ព្រះវិហារ ដែលឥណ្ឌា ជាសហប្រធាន ICC ព្រះវិហារ នោះ។
ការឆ្លើយតបលោក អូម ប៊ើឡា បានទទួលសំណើរបស់សម្តេចប្រធានរដ្ឋសភា និងបានសន្យាថានិងផ្តល់ចម្លើយជាវិជ្ជមានជូនសម្តេចតាមរយៈឯកអគ្គរដ្ឋទូតឥណ្ឌាប្រចំានៅកម្ពុជានាពេលក្រោយបន្ថែមទៀត៕
ដោយ ៖ សិលា