ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​សាធារណការ​ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការខ្សែច្រវាក់ត្រជាក់ នៃសហព័ន្ធភស្តុភារកម្មប្រទេសចិន

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក ហេង ណន រដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការខ្សែច្រវាក់ត្រជាក់នៃសហព័ន្ធភស្តុភារកម្មប្រទេសចិន(Cold Chain Logistics Committee of China Federation of Logistics and Purchasing)  ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានភស្តុភារកម្ម សមាគម និងក្រុមហ៊ុនឯកជនក្នុងវិស័យឡូជីស្ទីកជាច្រើនរូបផងដែរ។

ជំនួបពិភាក្សានេះ ធ្វើឡើងនៅទីស្ដីការក្រសួង​ កាលពីថ្ងៃទី២០ ខែធ្នូម្សិលមិញនេះ​ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក នៅកម្ពុជាជាពិសេសខ្សែច្រវាក់ត្រជាក់ ។ 

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ បានលើកឡើងពីតួនាទី និងសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាន នាពេលកន្លងមក និងវឌ្ឍនភាពនៃការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ កន្លងមក។ 

គួរបញ្ជាក់ថា​ ផែនការមេនេះ រួមមាន៖​ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទុន សរុបចំនួន ១៧៤គម្រោង និងតម្រូវការទុនវិនិយោគប្រមាណ ៣៦,៦ពាន់លានដុល្លារ៕

ដោយ​៖ តារា​


ចែករំលែក៖