ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ៖ «ទៅវិញធាតុតែ១ចានដូចគ្នា តើប្រឹងធ្វើអ្វី?»

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា  បានសំណេរ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ថា ៖ «ទៅវិញធាតុតែ១ចានដូចគ្នា តើប្រឹងធ្វើអ្វី?» ។

លោក ហ៊ុយ វណ្ណៈ បានរៀបរាប់ថា ៖ ក្នុងការជួបជុំប្រចាំឆ្នាំជាមួយសហការី ខ្ញុំបានឆ្លៀតលើកឡើងប្រយោគខាងលើ។ ខ្ញុំយល់ឃើញថា ការពិតនៃប្រយោគនេះ អាចមានការបកស្រាយផ្អែកតាមស្ថានភាព និងកាលៈទេសៈរបស់យើងរៀងៗខ្លួន ដែលយើងគួរមានការបកស្រាយឱ្យបានច្បាស់ជាងនេះ។

១. កើត ចាស់ ឈឺ ស្លាប់ គឺជាដំណើររបស់ធម្មជាតិនៃសត្វលោកគ្រប់ៗរូប គ្មានអ្នកណាជៀសផុតទេ ហើយយើងគ្រប់ៗរូប មានជីវិតតែមួយដូចគ្នា ដោយមិនវិលវិញ។ ក៏ប៉ុន្តែ ក្នុងពេលដែលយើងកំពុងរស់នៅ កំពុងនៅមានជីវិត យើងម្នាក់ៗគួរដាក់សំណួរ២ដ៏សំខាន់ចំពោះខ្លួនឯង៖ តើអ្វីជាអត្ថន័យជីវិត? តើនរណាជាអ្នកបន្តជីវិតរបស់យើងម្នាក់ៗ? ចម្លើយសាមញ្ញបំផុត៖

• បើយើងរស់ ដើម្បីតែស្លាប់ យើងមិនមែនជាមនុស្សប្រកបដោយវិចារណញ្ញាណ តម្លៃ និងភាពទទួលខុសត្រូវនោះទេ។ 

• ម្យ៉ាងទៀត កុំគិតថា យើងទៅវិញ នឹងសុទ្ធតែសល់នូវធាតុ១ចានដូចៗគ្នាឱ្យសោះ។ អាចអ្នកខ្លះ នៅទីបំផុត រកតែឆ្អឹងឱ្យគ្រប់១ចានស្ទើមិនបាន ឬសូម្បីរកតែសាច់និងឆ្អឹង មិនទាំងឃើញផង។ មិនដឹងរលត់រលាយនៅទីណា ដោយសារតែឧប្បត្តិហេតុ ឬស្ថានភាពនៃសង្គមកលយុគ ឬសង្គ្រាម…។

២. ខ្ញុំមិនបន្តរៀបរាប់ឱ្យវែងឆ្ងាយនាំខាតពេលអាននោះទេ ដោយសូមលើកឡើង៣ចំណុច និងផ្តល់នូវចម្លើយងាយយល់ ដូចតទៅ៖

• ពិតប្រាកដណាស់យើងម្នាក់ៗ នឹងទៅវិញ។ ប៉ុន្តែចងចាំថា តម្លៃអ្នក ឈាមអ្នក សង្គមជាតិរបស់អ្នក គឺនៅរស់បន្តទៀត។ ក្នុងន័យនេះ ចងចាំថា អ្វីដែលនឹងបន្តជីវិតរបស់អ្នក មានពីរគឺ៖ ទី១- កូន ចៅ ដែលទទួលមរតកបន្តពីអ្នក។ បើអ្នកសាងល្អ កូន ចៅ អ្នកទទួលបន្តនូវផលរីកចម្រើន។ បើអ្នកសាងមិនល្អ ពួកគេទទួលបន្ទុករែកពន់ ហើយបើអ្នកមិនធ្វើអ្វីសោះ តាមទស្សនៈប្រឹងធ្វើអ្វី? ដូច្នេះសួរថា តើ កូន ចៅ នឹងរស់នៅរបបៀបណា? មានអ្វីជាទីពឹង? ហើយពួកគេនឹងតិះដៀលមាយាទអ្នករបៀបណា? ទី២- អ្វីដែលនៅរស់បន្តយូរអង្វែងនោះគឺ «ស្នាដៃ & កេរ្តិ៍ឈ្មោះរបស់អ្នក»។ តើអ្នកចង់ «ស្លាប់សល់ ឬស្លាប់អាសោច?»។

• អ្នកដឹកនាំសាសនា ដែលអប់រំទូន្មានមនុស្សលោកឱ្យលះបង់ តែនៅជ្រុងម្ខាងទៀត ក៏ខំប្រឹងប្រែងប្រមែរប្រមូលកសាងនូវមជ្ឈមណ្ឌល សំណង់អគារ តូច ធំ ប្រណិត ស្កឹមស្កៃ និងទស្សនវិជ្ជា ក្នុងគោលបំណងគឺឱ្យមានភាព «បន្ត» ឱ្យបានស្ថិតនៅយូរអង្វែងតាមដែលអាចធ្វើបាន។

• សង្គមរបស់យើង ក៏ត្រូវការបន្តភាពគង់វង្សនិងរីកចម្រើនសម្រាប់ កូនយើង ចៅយើង និងអ្នកជំនាន់ក្រោយរបស់យើង ដើម្បីពួកគេបន្តរស់នៅដោយថ្លៃថ្នូរ ខ្ពង់ខ្ពស់ មានសេរីភាព ឥស្សរភាព និងឧត្តមភាព។ ពិភពលោករបស់មនុស្ស ប្រកួតប្រជែងគ្នាខ្លាំងណាស់។ បើប្រទេសអ្នកទន់ខ្សោយ ផ្តេកផ្តួល មិនយូរមិនឆាប់គេលេបទៅបាត់។ បើដូច្នេះ អ្នកនឹងមិនព្រមទេ! បើអ្នកមិនព្រមឱ្យគេលេប គឺយើងត្រូវតែប្រឹងលើផ្លូវត្រឹមត្រូវដូចដែលបុព្វបុរស ដូនតា របស់យើងបានខិតខំកសាងសំណង់ ប្រាសាទ ក្បួន ច្បាប់ គម្ពីរ ទស្សនវិជ្ជា សិល្បៈ វប្បធម៌ ដ៏អស្ចារ្យទុកឱ្យយើងប្រើប្រាស់និងទទួលផលបន្តដល់បច្ចុប្បន្ន និងទៅអនាគត។ ការខិតខំរបស់មនុស្សពីមួយជំនាន់ទៅមួយជំនាន់ គឺឥតឈប់ឈរ រួមទាំងសុខសន្តិភាពបច្ចុប្បន្ននេះ។

៣. ខ្ញុំអាចយល់បានថា ប្រយោគដែលលោកអ្នកលើកឡើងថា៖ «ទៅវិញធាតុតែ១ចានដូចគ្នា ប្រឹងធ្វើអ្វី?» ប្រហែលមិនមែនសំដៅលើខ្លួនឯង និងឧត្តមបុគ្គល នោះទេ។ ប៉ុន្តែ អ្នកចង់ទូន្មានពពួកជនដែលលោភលន់ ឆក់ប្លន់ និងបំផ្លាញអ្វីដែលជាផលប្រយោជន៍សង្គម និងភាពបន្តរបស់មនុស្សជាតិប៉ុណ្ណោះ។ ជារៀងរាល់ថ្ងៃ ខ្ញុំក៏តែងតែឆ្លៀតរំលឹកខ្លួនឯងជាប្រចាំ តើខ្ញុំអាចបន្សល់ ស្នាដៃ «មរតករូបី នង មរតករស់» អ្វីខ្លះ សម្រាប់គ្រួសារ សហគមន៍ និងប្រទេសជាតិរបស់យើង!? ៕ 

ដោយ ៖ លោក ហ៊ុយ វណ្ណៈ


ចែករំលែក៖