ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការអង្គការសហប្រជាជាតិចាប់ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសតួកគី រុស្ស៊ីនិងអ៊ុយក្រែន

ចែករំលែក៖

អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Ankara នៅថ្ងៃទី២៥ខែមេសា ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីតួកគីលោក Tayyip Erdogan មុនពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជួបពិភាក្សាជាមួយលោកពូទីន នៅថ្ងៃទី២៦ខែមេសា និងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Zelensky នៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២២។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសតួកគី គឺជាប្រទេសសំខាន់នៅក្នុងការស្វែងរកសន្តិភាព ហើយជាទីតាំងរៀបចំជំនួបពិភាក្សាជាច្រើនលើកកន្លងមក រវាងគណៈប្រតិភូអ៊ុយក្រែននឹងរុស្ស៊ី។
កាលពីថ្ងៃទី១៨ខែមេសាកន្លងមក ឧបការីទទួលបន្ទុកកិច្ចការអាសន្ន របស់អង្គការសហប្រជាជាតិ លោក Martin Griffith បានបញ្ជាក់ថា
តួកគីគឺជាប្រទេសម្ចាស់ផ្ទះដ៏សំខាន់នៅក្នុងកិច្ចចរចាស្វែងរកសន្តិភាពរវាងរុស្ស៊ីនឹងអ៊ុយក្រែន។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Eri Kaneko បានប្រកាសថា អគ្គលេខាធិការ Guterres នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូនៅថ្ងៃទី២៦ខែមេសា ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីពូទីន។
គោលដៅនៃដំណើរទស្សនកិច្ច របស់អគ្គលេខាធិការអង្គការសហប្រជាជាតិគឺដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមដែលកំពុងតែកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនដែលអាចអូសបន្លាយរយៈពេលយូរប្រសិនបើមិនមានការស្វែងរកដំណោះស្រាយនោះទេ។ ក្នុងពេលនេះប្រទេសលោកខាងលិចបានបង្កើនការផ្តល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែន ដើម្បីតទល់ជាមួយកម្លាំងទាហានរុស្ស៊ី។ ការផ្តល់អាវុធនោះអាចធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។ កន្លងមកថ្មីៗចិនក៏បានព្រមានថា ការផ្តល់ជំនួយអាវុធដល់អ៊ុយក្រែន បង្កឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំងមិនមានជាសកម្មភាពសន្តិភាពនោះឡើយ ៕ ដោយ៖ធីរីណា

រូប​ថត​ ៖ AFP/TTXVN


ចែករំលែក៖