ភ្នំពេញ៖ នាយករដ្ឋមន្រ្តីជប៉ុនលោកKishida Fumio បានបន្តគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន និងស្វែងរកដំណោះស្រាយសន្តិភាពជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ខណៈនាពេលខាងមុខសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនឹងជួបជាមួយលោកមីន អោងឡាំង ជាថ្មីទៀតក្នុងគោលបំណងស្នើឲ្យភាគីមីយ៉ាន់ម៉ាគោរពនូវគោលការណ៍ទាំងប្រាំចំណុចរបស់អាស៊ាននៅប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការបញ្ជាក់របស់លោកកៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា។
មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះក្រោយពីសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នៅប្រទេសជប៉ុន លោក កៅ គឹមហួន បានលើកឡើងថា នៅក្នុងអំឡុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននោះ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានជួបពិភាក្សាគ្នា ជាច្រើនជាមួយនាយករដ្ឋមន្រ្តីជប៉ុន ដោយក្នុងជំនួបនោះភាគីជប៉ុនបានសម្តែងការរីករាយចំពោះកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងគាំទ្ររាល់សេចក្តីសម្រេចជាច្រើនទៀតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ា។
លោក កៅ គឹមហួន បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុន សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់ភាគីជប៉ុនអំពីការវិវត្តន៍បន្តិចម្តងៗទាក់ទងនឹងការសន្ទនារបស់សម្តេចជាមួយលោក មីន អោងឡាំង ស្តីពីបញ្ហាមីយ៉ាន់ម៉ាផងដែរ ដោយសម្តេចសង្ឈឹមថា កិច្ចសន្ទនានាពេលខាងមុខបន្តទៀតនេះ នឹងជំរុញឲ្យមីយ៉ាន់ម៉ាគោរពនូវគោលការណ៍ទាំង៥ចំណុចរបស់អាស៊ានដែលបានឯកភាពគ្នានៅប្រទេសឥណ្ឌូនេស៊ីកាលពីកន្លងទៅផងដែរ។
សូមបញ្ជាក់ថា គោលការណ៍ទាំង៥ចំណុចរបស់អាស៊ានដែលបានឯកភាពគ្នានៅប្រទេសឥណ្ឌូនេស៊ី ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។ ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។ និងទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
សម្តេចតេជោ បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាកាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ ដើម្បីសម្រុះសម្រួលស្វែងរកសន្តិភាពជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសនេះបានកំពុងវឹកវខ្លាំងក្រោយពីរបបសឹកយោធាមីយ៉ាន់ម៉ា ចាប់លោកស្រី អ៊ុងសានស៊ូជីអតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាដាក់ពន្ធនាគា៕
ដោយ៖ សូរិយា