ខេត្តពោធិ៍សាត់ ៖ លោក សូ ខនឬទ្ធិគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងប្រជាសហគមន៍ រួមគ្នាថែរក្សាព្រៃឈើដែលដាំស្តារឡើងវិញក្នុងតំបន់ព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប ដើម្បីជាប្រយោជន៍ទៅថ្ងៃអនាគត ។ ការលើកឡើងបែបនេះ ក្នុងឱកាស លោកអញ្ជើញជាអធិបតីក្នុងពិធីដាំស្តារឡើងវិញនៅព្រៃលិចទឹកក្នុងតំបន់៣ តំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងគណៈអភិបាលខេត្តកំពង់ឆ្នាំង មន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ធ និងសិស្សានុសិស្សជាច្រើននាក់ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ។
លោក សូ ខនឬទ្ធិគុណ បានគូសបញ្ជាក់ថា ការដាំស្តារឡើងវិញដើមឈើក្នុងតំបន់ព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប គឺជាការបំផុសគំនិតប្រជាពលរដ្ធគ្រប់រូបបញ្ឍប់ការកាប់ទន្ទ្រានដីដោយខុសច្បាស់ ចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្សដែលជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយ ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ រក្សាបាននូវសម្បត្តិធនធានធម្មជាតិ ពិសេសផ្តល់ជាជម្រកដល់ជីវៈចម្រុះគ្រប់ប្រភេទ ។
ជាមួយគ្នានេះ លោក ចេង ឡៃ អភិបាលរងនៃគណអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តពោធិ៍សាត់បានចូលរួមការពារនិងអភិរក្សព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ដើម្បីធ្វើឱ្យមានជីវៈចម្រុះសម្បូរបែប លើកស្ទួយជីវភាពសហគមន៍ឲ្យរុងរឿង និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
សូមបញ្ជាក់ថា ដាំស្តារឡើងវិញនៅព្រៃលិចទឹកក្នុងតំបន់៣ តំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃនេះ បានរៀបចំឡើងលើផ្ទៃដី៥០ហិកតា និងបានដាំកូនឈើចំនួន២ម៉ឺនដើម រួមមាន ៖ រាំងទឹកចំនួន១២០០០ដើម សណ្តាន់ចំនួណ៤០០០ដើម ម្តេញ៣៥០០ដើម និងឬស្សីចំនួន៥០០ដើម ៕
ដោយ ៖ សិលា