អាល្លឺម៉ង់បានយល់ព្រមផ្តល់រថក្រោះឱ្យទៅប្រទេសអ៊ុយក្រែន។ អាល្លឺម៉ង់បានប្រកាសពីជំនួយខាងលើក្រោយជំនួបពិភាក្សា ជាមួយបណ្តារដ្ឋមន្ត្រីការបរទេស នៅក្នុងទីតាំង Ramstein របស់អាមេរិកនៅក្នុងទីក្រុង Frankfurt របស់ប្រទេសអាល្លឺម៉ង់នាថ្ងៃទី២៦ខែមេសា។
ពាក់ព័ន្ធការផ្តល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែននេះ លោក James Heappey អនុរដ្ឋលេខាធិការក្រសួងការពារជាតិអង់គ្លេស ទទួលបន្ទុកកងកម្លាំងប្រដាប់អាវុធ នៅថ្ងៃទី២៦ខែមេសា បានបញ្ជាក់ថា សហគមន៍អន្តរជាតិទាំងមូល គឺមិនមែន NATO ទេ ដែលបាននិងកំពុងជួយផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូបានចោទថា បក្សសម្ព័ន្ធលោកខាងលិចមួយនេះ កំពុងធ្វើសង្រ្គាមដោយប្រយោលនៅអ៊ុយក្រែន ជាមួយរុស្ស៉ី។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Sky News នៅពេលត្រូវបានសួរសំណួរពាក់ព័ន្ធនឹងការចោទប្រកាន់របស់រុស្ស៉ី លោក Heappey បាននិយាយដូច្នេះថា «សហគមន៍អន្តរជាតិ មិនមែនជា NATO ទេ។ កិច្ចប្រឹងប្រែងជួយជ្រោមជ្រែងផ្តល់សព្វាវុធឱ្យអ៊ុយក្រែននេះ កើតឡើងពីការចូលរួមរបស់បណ្តាប្រទេសដែលភាគច្រើន គឺជាសមាជិក NATO ក៏ពិតមែន ប៉ុន្តែក៏មានប្រទេសដទៃៗទៀតដែរ ពោលគឺមិនមែន NATO នោះឡើយ ដែលកំពុងផ្តល់ជំនួយយោធាដល់អ៊ុយក្រែន»។
រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃយ៍ ឡាវរ៉ូវ ទើបតែបានព្រមានពិភពលោក កុំឱ្យមើលស្រាលចំពោះហានិភ័យនៃការផ្ទុះឡើងនូវសង្រ្គាមនុយក្លេអ៊ែរ ហើយលោកថែមទាំងបានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់អាវុធដោយ NATO ទៅកាន់អ៊ុយក្រែន គឺហាក់ស្មើនឹងមានន័យថា បក្សសម្ព័ន្ធយោធានេះ កំពុងចូលរួមធ្វើសង្រ្គាមដោយប្រយោលប្រឆាំងនឹងរុស្ស៉ីនៅអ៊ុយក្រែន យ៉ាងដូច្នោះដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ DPA